ស្វាយរៀង ៖ លោកស្រី ប៉ែន សុធា ពលរដ្ឋរស់នៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រាប់ទូរទស្សន៍អោយដឹងថាពលរដ្ឋនៅក្នុងភូមិក្រញូង ឃុំដូង រហូតមកដល់ពេលនេះពលរដ្ឋបានធ្វើការបោះបង់ ការចិញ្ចឹមជ្រូករហូតទៅដល់៩០%ហើយខណះដែលពលរដ្ឋចំនួន៤គ្រួសារផ្សេងទៀតត្រៀមបោះបង់ការចិញ្ចឹមជ្រូកតែម្តង។
លោកស្រីបានបន្ថែមថាការដែលពលរដ្ឋត្រៀមការបោះបង់ការចិញ្ចឹមជ្រូក ដោយកន្លងមកពួកគាត់បានរងផលប៉ះពាល់និងតម្លៃខ្លាំងពេលលក់ជ្រូកទូទាត់មិនរួចថ្លៃដើមផលិត ដើម្បីស្តារ និងបញ្ជៀសការបោះបង់ចិញ្ចឹមជ្រូកបន្ត ក្នុងនាមពលរដ្ឋក្នុងឃុំលោកស្រី បានធ្វើការអំពាវនាវដល់ក្រសួងកសិកម្ម និងផ្នែកពាក់ពន្ធ័ ជួយស្វែងរកទីផ្សារជ្រូករស់ អោយបានសមរម្យ សម្របសម្រួលតម្លៃដើមផលិត ពិសេសធ្វើការទប់ស្កាត់ នៃដំណើរការលួចលាក់ ការនាំផលិតផលសាច់ និងសាច់បង្កកមកពីប្រទេសជិតខាង ដើម្បីអោយពលរដ្ឋនិងពួកខ្ញុំ មានចិត្តបន្តចិញ្ចឹមជ្រូកឡើងវិញ ។
ជុំវិញការអំពាវនាវរបស់ពលរដ្ឋ អោយក្រសួងកសិកម្ម ក៏ដូចផ្នែកពាក់ពន្ធ័ ជួយរកទីផ្សាជ្រូករស់ ធ្វើការទប់ស្កាត់នាំសាច់បង្កក និងជួយធ្វើការសម្របសម្រួល ថ្លៃចំណីសត្វ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបានបញ្ជាក់ប្រាប់មក ថា ការងារដែលពលរដ្ឋស្នើអោយជួយរកទីផ្សារជ្រូករស់ ការទប់ស្កាត់នាំសាច់បង្កក និងតម្លៃចំណីសត្វ មន្ទីរ ក៏ដូចក្រសួងកសិកម្ម បាននិងកំពុងតែរកវិធីសម្របសម្រួល ទីផ្សារដែរហើយ ហើយតម្លៃចំណីសត្វ ដែលក្រុមឈ្មួញ ក៏ដូចសហគ្រាសនាំចូលផលិតមានតម្លៃថ្លៃមិនអាចធ្វើការបញ្ចុះតម្លៃបាន តែបើវត្ថុធាតុដើមផលិតបាននៅក្នុងស្រុកគឺយើងអាចធ្វើការបញ្ចុះតម្លៃបាន ឯសាច់បង្កកនាំចូល បច្ចុប្បន្នរដ្ឋបាលខេត្តនិងផ្នែកពាក់ពន្ធ័កំពុងធ្វើផែនការទប់ស្កាត់ តាមអនុសាសន៏របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទប់ស្កាត់ដើម្បីលើកទឹកចិត្តអោយពលរដ្ឋធ្វើការចិញ្ចឹមឡើងវិញ ។ ដោយ ៖ សារិទ្ធ




