កោះកុង៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញបើកវេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល នៅសាលមហោស្រព។
លោកអភិបាលរងខេត្ត បានលើកឡើងថា វេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ធ្វើឡើង០២ដង ក្នុង១ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហការភាពជាដៃគូ រវាងដ្ឋបាលខេត្ត និងអង្គការ សមាគម និងសហគមន៍នានា ក្នុងដែនសមត្ថកិច្ច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែរីកចំរើន និងស្របទៅនឹងគោលការណ៍ច្បាប់ ជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពេញលេញ។ ស្ថិតក្នុងបរិយាកាសសុខសន្តិភាព និងក្រោមដំបូលនៃលទ្ធិប្រជាធិបតេយ្យ ថ្ងៃនេះបានរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកោះកុង ក្រោមប្រធានបទ “ការពង្រឹងសហការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការ សមាគម និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តកោះកុង” ។
លោក ហាក់ ឡេង សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលថ្មីដែល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តចីរភាពឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមាន ចំណូលខ្ពស់ ដោយមានគន្លឹះអាទិភាពចំនួន ០៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ គឺយើងពិតជាមិនអាចខ្វះបាន នូវការចូលរួមពីគ្រប់មជ្ឈដ្ឋាននានា ជាពិសេសភាពជាដៃគូអភិវឌ្ឍន៍ ជាមួយអង្គការសង្គមស៊ីវិល ដែលបានធ្វើសកម្មភាព រួមចំណែកស្ទើគ្រប់វិស័យ ដូចជាការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល និងឧបត្ថម្ភដល់សិស្ស និស្សិត នៃគ្រួសារក្រីក្រ រួមចំណែកលើវិស័យ កសិកម្ម ដោយផ្តល់នូវពូជធារ សត្វចិញ្ចឹម លើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋតាមសហគមន៍ ។ ល ៕ អត្ថបទ៖ ឈឹម មករា




