ភ្នំពេញ ៖ គិលានុប្បដ្ឋាក សេក សុផា ទទួលបន្ទុកផ្នែកវ៉ាក់សាំង នៃមនី្ទរពេទ្យកុមារជាតិ តាមរយៈបណ្តាញ BTV ព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានស្នើដល់មាតា បិតា អាណាព្យាបាលទាំងអស់ អញ្ជើញយកកូនមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ឲ្យបានគ្រប់គ្រាន់ តាំងពីកើត រហូតដល់១៨ខែ ដើម្បីកាត់បន្ថយការពិការភាព និងការឈឺរបស់កុមារ។
គិលានុប្បដ្ឋាក សេក សុផា បានលើកឡើងទៀតថា ក្នុងករណីដែលមាតា បិតា អាណាព្យាបាល ទុកកុមារមិនយកមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់នោះទេ នឹងទទួលនូវជំងឺជាច្រើន ក្នុងនោះមាតា បិតា អាណាព្យាបាល ក៏ចំណាយថវិកាក្នុងការព្យាបាលកុមារ នឹងចំណាយថវិការបស់ជាតិផងដែរ។
គិលានុប្បដ្ឋាក សេក សុផា បានបញ្ជាក់ទៀតថា សម្រាប់ផ្នែកវ៉ាក់សាំងនេះ គឺក្រុមការងារគ្រូពេទ្យ ផ្តល់សេវាជូនពីថ្ងៃច័ន្ទ ដល់ថ្ងៃស្រុក និងមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬបុណ្យជាតិធំៗនោះទេ គឺក្រុមគ្រូពេទ្យទាំងអស់ នៅរង់ចាំផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ និងសូមសំណូមពរឲ្យមាតា បិតា អាណាព្យាបាល នាំយកកូនៗ មកទទួលការចាក់វ៉ាក់សាំងបង្ការ១១មុខ ដូចជា៖ ១.វ៉ាក់សាំងជំងឺរបេង, ២.វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ បេ, ៣.វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើង, ៤.វ៉ាក់សាំងជំងឺតេតាណូស, ៥.វ៉ាក់សាំងជំងឺក្អកមាន់, ៦.វ៉ាក់សាំងជំងឺខាន់ស្លាក់, ៧.វ៉ាក់សាំងជំងឺរលាកសួត និងរលាកស្រោមខួរ ដោយបាក់តេរីហ៊ីប, ៨.វ៉ាក់សាំងជំងឺរលាកសួត និងរលាកស្រោមខួរ ដោយបាក់តេរីភ្នើម៉ូកូក, ៩.វ៉ាក់សាំងជំងឺកញ្ជ្រឹល, ១០.វ៉ាក់សាំងជំងឺស្អូច និង១១.វ៉ាក់សាំងជំងឺរលាកខួរក្បាល ជេអ៊ី ឲ្យបានគ្រប់គ្រាន់ ទន្ទឹមនឹងនោះមនី្ទរពេទ្យកុមារ ក៏មានពិនិត្យ ព្យាបាលជំងឺជូនកុមារទើបនឹងកើត រហូតដល់១៨ឆ្នាំផងដែរ៕
អត្ថបទ រដ្ឋា




