ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចធិបតី នៅវៀតណាម បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
ក្នុងនោះថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះឱ្យកាន់តែរីកលូតលាស់ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ និងអន្តរជាតិ។
ក្នុងវិស័យនយោបាយ និងការទូត៖ សម្ដេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងបានជួបសម្ដែងការគួរសមចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។
បន្ទាប់មក នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាលើឯកសារ ចំនួន៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កម្ពុជា និងបណ្ឌិត្យសភាការទូត វៀតណាម។ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។
សម្រាប់ជំនួបសម្ដែងការគួរសមដាច់ដោយឡែក ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្សកុម្មុយ-នីស្តវៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋ និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ហើយប្រទេសកម្ពុជានឹងកាន់តែបន្តការអភិវឌ្ឍខ្លាំងក្លា។
ដោយឡែកក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម ចំនួន៦ និងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមទាំង ៦ ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្ដល់នូវបរិយាកាសវិនិយោគយ៉ាងអំណោយផល ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី។
ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ សម្ដេចធិបតី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមធុរជនវៀតណាម ដែលមានចំណាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងគោលនយោបាយ យុទ្ធសាស្រ្ត ច្បាប់ បទដ្ឋានគតិយុត្ត និងវិធានការនានា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញថ្មីៗនេះ៕








