ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសហូឡង់កាលពីថ្ងៃអង្គារ បានបង្កើនការព្រមានអំពីការគំរាមកំហែងរបស់ប្រទេសនេះ ដល់កម្រិតខ្ពស់បំផុតទី២របស់ខ្លួន ដោយនិយាយថា លទ្ធភាពនៃការវាយប្រហារ នៅក្នុងប្រទេសនៅពេលបច្ចុប្បន្នគឺ«ច្រើនណាស់»។

សេចក្តីប្រកាសនេះ គឺជាលើកទី១ ដែលការគំរាមកំហែង មានកម្រិតខ្ពស់ ចាប់តាំងពីចុងឆ្នាំ ២០១៩ ហើយបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោកស្រី Ylva Johansson បានព្រមានថា ទ្វីបនេះ ប្រឈមមុខនឹង«ហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្ម» ក្នុងអំឡុងពេលបុណ្យណូអែល ដោយសារការរាលដាលពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

អ្នកសម្របសម្រួលជាតិរបស់ប្រទេសហូឡង់សម្រាប់ការប្រឆាំងភេរវកម្ម និងសន្តិសុខ ក៏បាននិយាយនៅក្នុងការវាយតម្លៃការគំរាមកំហែងរបស់ខ្លួនថា៖«ជម្លោះដ៏ហិង្សានៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ការប្រមាថមើលងាយគម្ពីរកូរ៉ាន នៅក្នុងប្រទេសផ្សេងៗនៅអឺរ៉ុប និងការអំពាវនាវឲ្យមានការវាយប្រហារពីអង្គការភេរវករ បានបង្កើនការគំរាមកំហែងពីក្រុមជីហាដនិយម»។
របាយការណ៍នេះ បានលើកឡើងពីការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ឺរ៉ុបក្បែរនោះ និងការចាប់ខ្លួនជនសង្ស័យភេរវកម្ម នៅក្នុងប្រទេសហូឡង់ និងប្រទេសជិតខាង ដែលជាហេតុផលសម្រាប់បង្កើនកម្រិតគំរាមកំហែង។ វាបានបន្ថែមថា៖«ការគំរាមកំហែងពីលទ្ធិជ្រុលនិយមស្តាំនិយម និងលទ្ធិជ្រុលនិយមប្រឆាំងស្ថាប័ន នៅតែមិនមានការថយចុះ»។