សេចក្តីព្រាងកិច្ចព្រមព្រៀងអាកាសធាតុថ្មី ដែលត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ Cop28 នៅប្រទេសអារ៉ាប់រួម ជាលើកដំបូង បានអំពាវនាវយ៉ាងច្បាស់ដល់ប្រទេសនានាឱ្យផ្លាស់ប្តូរចេញ ពីឥន្ធនៈហ្វូស៊ីល ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃវិបត្តិអាកាសធាតុ។
ប៉ុន្តែឯកសារដែលបានស្នើឡើងចុងក្រោយ ចេញផ្សាយដោយប្រធានកិច្ចប្រជុំ COP លោកSultan Al Jaber នៅព្រឹកថ្ងៃពុធនេះ ពុំបានរួមបញ្ចូលការប្តេជ្ញាចិត្តច្បាស់លាស់ដើម្បីបញ្ឈប់ ឬកាត់បន្ថយជាបន្តបន្ទាប់ឥន្ធនៈហ្វូស៊ីល ដូចដែលប្រទេសជាច្រើន ក្រុមសង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ បានទទូចសុំនោះទេ។

ឯកសារបានអំពាវនាវឱ្យប្រទេសនានា រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការផ្លាស់ប្តូរចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល នៅក្នុងប្រព័ន្ធថាមពល ក្នុងលក្ខណៈត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងដោយស្មើភាព បង្កើនល្បឿនសកម្មភាពក្នុងទសវត្សរ៍ដ៏សំខាន់នេះ ដើម្បីសម្រេចបានដល់ចំណុចសូន្យ ត្រឹមឆ្នាំ២០៥០ ស្របតាមវិទ្យាសាស្ត្រ។

ការចេញផ្សាយការសម្របសម្រួលដែលបានស្នើឡើង កើតមានឡើងបន្ទាប់ពីការចរចារយៈពេល ៣៦ ម៉ោងពេញ បន្ទាប់ពីលោក Al Jaber បានចេញផ្សាយសេចក្តីព្រាងមួយដែលត្រូវបានច្រានចោលដោយប្រទេសអ្នកមាន និងប្រទេសក្រីក្រ ជាអ្នកដែលបានចាត់ទុកថាវាមិនគ្រប់គ្រាន់ទាំងស្រុងនោះទេ មិនស៊ីសង្វាក់គ្នា និងជាបញ្ជាក់ពីការស្លាប់សម្រាប់ប្រទេសងាយរងគ្រោះ និងមានបញ្ហាច្រើន។
សំណើថ្មីនេះ បាននិយាយថា ប្រទេសនានាបានទទួលស្គាល់ «តម្រូវការសម្រាប់ការកាត់បន្ថយដ៏ស៊ីជម្រៅ ឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ស្របតាមមធ្យោបាយកម្រិត ១,៥អង្សាសេ។ ឯកសារក៏បានអំពាវនាវឱ្យមានការបង្កើនសមត្ថភាពបីដងនៃថាមពលកកើតឡើងវិញជាសកលនៅត្រឹមឆ្នាំ ២០៣០ និងបាននិយាយជាថ្មីនូវភាសាដែលបានព្រមព្រៀងគ្នាកាលពីពេលមុនថា ពួកគេនឹងពន្លឿនកិច្ចប្រឹងប្រែង «ឆ្ពោះទៅរកដំណាក់កាលកាត់បន្ថយជាបន្តបន្ទាប់នៃថាមពលធ្យូងថ្ម។
សេចក្តីព្រាងនេះ គឺចង់ឆ្លុះបង្ហាញពីទស្សនៈឯកភាពគ្នារបស់ប្រទេសជិត២០០ ដែលបានប្រជុំគ្នានៅក្នុងសន្និសីទនៅទីក្រុងឌូបៃ ជាកន្លែងដែលរដ្ឋាភិបាលជាច្រើន បានទទូចខ្លាំងៗ ដើម្បីបង្ហាញសញ្ញាពីការបញ្ចប់ជាយថាហេតុនៃយុគសម័យឥន្ធនៈហ្វូស៊ីល ប្រឆាំងការតវ៉ាពីប្រទេសអារ៉ាប៊ីសាអូឌីត និងសមាជិកនៃប្រទេសផលិតប្រេងនៅក្នុងក្រុម OPEC ។