ទីភ្នាក់ងារអ៊ីស្រាអែលសម្រាប់ការសម្របសម្រួលជនស៊ីវិលជាមួយប៉ាឡេស្ទីន (COGAT) បានចេញផ្សាយវីដេអូតាមរយៈបណ្ដាញសង្គម X កាលពីថ្ងៃអង្គារ (១២ ធ្នូ) ដោយនិយាយថា រថយន្តជំនួយជាច្រើនគ្រឿងកំពុងត្រូវបានត្រួតពិនិត្យ និងផ្ទេរទៅកាន់តំបន់ហ្កាហ្សា។

យោងទៅតាមទីភ្នាក់ងារអ៊ីស្រាអែល COGAT បានឲ្យដឹងថារថយន្តជំនួយចំនួន ១៩៧គ្រឿងត្រូវបានពិនិត្យ និងតម្រង់ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា តាមច្រកឆ្លងកាត់ថ្មី កេរឹម សាលូម (Kerem Shalom)។

ទីភ្នាក់ងារនេះបាននិយាយថា រថយន្តដឹកទំនិញចំនួន ១១៧គ្រឿងក្នុងចំណោមរថយន្តទាំងនោះត្រូវបានត្រួតពិនិត្យនៅច្រក នីតហ្ស៊ាណា (Nitzana) និងរថយន្តចំនួន ៨០គ្រឿងត្រូវបានត្រួតពិនិត្យនៅច្រក កេរឹម សាលូម។

ដំណើរការថ្មីសម្រាប់ត្រួតពិនិត្យជំនួយសម្រាប់តំបន់ហ្កាហ្សា នៅច្រកឆ្លងកាត់ កេរឹម សាលូម កំពុងត្រូវបានសាកល្បង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការអនុញ្ញាតសម្រាប់រថយន្តដឹកទំនិញឆ្លងកាត់ និងបង្កើនការផ្តល់ជំនួយសង្គ្រោះនៅតែកំពុងដំណើរការ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសៅរ៍។
នៅក្រោមប្រព័ន្ធថ្មី រថយន្តដឹកទំនិញនឹងទៅដល់ច្រក កេរឹម សាលូម នៅតាមព្រំដែនរវាងអ៊ីស្រាអែល ហ្កាហ្សា និងអេហ្ស៊ីប ជាលើកដំបូងពីប្រទេសហ្ស៊កដានី មុនពេលចូលតំបន់ហ្កាហ្សា ពីទីក្រុងព្រំដែនរ៉ាហ្វាហ្វ៕