ភ្នំពេញ៖ វេទិកាកុមារអាស៊ានលើកទី៦ បានរៀបចំឡើងនៅថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២០ ដោយផ្លាស់ពីការរៀបចំវេទិកាដោយជួបគ្នាផ្ទាល់ ផ្លាស់មករៀបចំវេទិការតាមប្រព័ន្ធអនឡាញជំនួសវិញ។
សម្រាប់វេទិកាកុមារអាស៊ាន គឺជាវេទិកាមួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដែលតំណាងកុមារមកពីប្រទេសសមាជិកអាស៊ាន ត្រូវបានជ្រើសរើសឱ្យចូលរួមចែករំលែកយោបល់របស់ពួកគេ និងចូលរួមក្នុងការពិភាក្សាទាក់ទងនឹងបញ្ហាយុវជន និងដើម្បីទទួលបានអនុសាសន៍។ វេទិកានៅឆ្នាំ ធ្វើឡើងក្រោមប្រធានបទ ផលប៉ះពាល់លើកុមារនៃ COVID-១៩ និងផលប៉ះពាល់ជាបន្តបន្ទាប់នៃស្ថានភាពរាតត្បាត។
ក្នុងឱកាសរៀបចំវេទិកានេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា វេទិកានេះ ជាវេទិការបស់កុមារ និងយុវជន។ កុមារនិងយុវជន មានបញ្ហាជាច្រើនត្រូវគិតគូ ពីការផ្លាស់ប្តូរអាកាសធាតុរហូតដល់ការរីករាលដាលនៃជំងឺកូវីដ–១៩ និងអ្វីៗជាច្រើនទៀតនៅក្នុងពិភពលោកដែលកំពុងមានបញ្ហាដែលតែងតែផ្លាស់ប្តូរ។ យើងរស់នៅក្នុងអនាគតរបស់អ្នកហើយយើងពឹងផ្អែកលើអ្នកខ្លាំងណាស់ដើម្បីអាចអភិវឌ្ឍគំនិតវិជ្ជមានដែលនឹងជួយធ្វើឱ្យពិភពលោករបស់យើងក្លាយជា កន្លែងល្អប្រសើរសម្រាប់មនុស្សជាតិនាពេលអនាគត។
វេទិកាកុមារអាស៊ានលើកទី ៦ នេះត្រូវបានគ្រោងទុកដំបូងថាជាវេទិកាដោយផ្ទាល់ដែលនឹងត្រូវរៀបចំឡើងនៅក្រុងសៀមរាបអង្គរប្រទេសកម្ពុជា តែត្រូវខកខានដោយសារជំងឺ កូវីដ១៩។ ឯកឧត្តមសង្ឃឹមថាយើងនឹងជួបអ្នកមួយចំនួនដោយផ្ទាល់នាពេលអនាគតដ៏ខ្លី ដើម្បីស្វែងយល់ពីទេសភាពនៅកម្ពុជា និងទស្សនាប្រាសាទបុរាណរបស់កម្ពុជា៕ អត្ថបទ៖ គឹមហុក

