នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារ (១២ ធ្នូ) ថាអ៊ីស្រាអែល រីករាយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះគោលដៅរបស់ខ្លួនក្នុងការបំផ្លាញក្រុមហាម៉ាស និងការសង្គ្រោះចំណាប់ថ្នូរដែលបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរនេះគិតខុសគ្នាអំពីអ្វីដែលអាចកើតឡើងបន្ទាប់ពីសង្គ្រាមហ្កាហ្សា។

ដោយបញ្ជាក់ពីការបដិសេធកាលពីមុនរបស់ខ្លួនក្នុងការអនុញ្ញាតឲ្យតំបន់ហ្កាហ្សា វិលត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលគាំទ្រដោយលោកខាងលិច ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ម៉ាសម៉ូដ អាបបាស (Mahmoud Abbas) លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្កាហ្សា «នឹងមិនមែនជារបស់ក្រុមហាម៉ាស ឬជារបស់ក្រុមហ្វាតាស នោះទេ»។ ក្រុមហ្វាតាស (Fatah) គឺជាបក្សពួករបស់លោក អាបបាស។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖ «ខ្ញុំសូមបញ្ជាក់ពីជំហររបស់ខ្ញុំ។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើកំហុសឆ្គងដូចកិច្ចព្រមព្រៀង អូស្លូ ម្តងទៀតទេ» ដោយមិនបានបញ្ជាក់ច្បាស់ថាកំហុសឆ្គងអ្វីដែលលោកសំដៅដល់នោះទេ។ កិច្ចព្រមព្រៀង អូស្លូ (Oslo) ឆ្នាំ១៩៩៣ បានបង្កើតស្វ័យភាពប៉ាឡេស្ទីនមានកម្រិតនៅតំបន់វេស បែង និងតំបន់ហ្កាហ្សា។

កាលពីថ្ងៃអង្គារ អគ្គលេខាធិការនៃគណៈកម្មាការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន លោក ហ៊ូសសេន អាល់សេក (Hussein Al-Sheikh) បានឆ្លើយតបទៅនឹងរបាយការណ៍ដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រៀបធៀបកិច្ចព្រមព្រៀងទីក្រុង អូស្លូ ទៅនឹងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនិយាយថា ហេតុការណ៍ទាំងពីរនោះបានបណ្តាលឱ្យមានចំនួនអ្នកស្លាប់ប្រហាក់ប្រហែលគ្នានៅអ៊ីស្រាអែល៕