
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធកាលពីថ្ងៃអង្គារ (១២ ធ្នូ) ថាខ្លួនមិនបានរៀបចំការវាយប្រហារដោយហិង្សាលើប្រទេសគុយបានោះទេ រយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសកោះដែលគ្រប់គ្រងដោយកុម្មុយនិស្តបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កចលាចលនៅមុនចូលឆ្នាំថ្មី។
ក្រសួងមហាផ្ទៃគុយបា កាលពីថ្ងៃច័ន្ទបានព្រមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពី «ផែនការរបស់ក្រសួងការបរទេសអាមេរិក និងសហគមន៍ស៊ើបការណ៍ចារកម្មសម្ងាត់ ដើម្បីបង្កើនការវាយប្រហារដ៏គ្រោះថ្នាក់ និងហិង្សាប្រឆាំងនឹងគុយបា ដើម្បីបង្កើតការផ្ទុះឡើងនៃភាពតានតឹងក្នុងសង្គមមុនដំណាច់ឆ្នាំ ២០២៣»។
មន្ត្រីក្រសួងការបរទេសម្នាក់បានច្រានចោលគំនិតនេះ ហើយមន្ត្រីរូបនេះបានឆ្លើយតបតាមសារអេឡិចត្រូនិចទៅសារព័ត៌មានរ៉យទ័រថា៖ «ការចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងលើកទឹកចិត្តឲ្យមានសកម្មភាពហិង្សាប្រឆាំងនឹងរដ្ឋាភិបាលគុយបា គឺផ្ដេសផ្ដាស់ខ្លាំងណាស់»។ រដ្ឋាភិបាលគុយបាមិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយនៃការអះអាងរបស់ខ្លួនអំពីផែនការរបស់អាមេរិកទេ។
កាលពីថ្ងៃសៅរ៍ ប្រទេសគុយបាបាននិយាយថា ខ្លួនបានរារាំងផែនការភេរវកម្មដែលត្រូវបានរៀបចំឡើងនៅភាគខាងត្បូងរដ្ឋហ្ល្វរីដា សហរដ្ឋអាមេរិក ដោយជាប់ពាក់ព័ន្ធនឹងបុរសប្រដាប់អាវុធម្នាក់ ដែលមកដល់ទឹកដីគុយបា ពីសហរដ្ឋអាមេរិក។ មន្ត្រីក្រសួងការបរទេសបានហៅការចោទប្រកាន់របស់គុយបា ថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីមើលងាយពលរដ្ឋរបស់ខ្លួននៅបរទេស៕