
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីឲ្យបានឆាប់ នៅថ្ងៃពុធ (ទី១៣ ខែធ្នូ) នេះ ខណៈដែលរូបលោកប្រឹងប្រែងទប់ស្កាត់ផលប៉ះពាល់ពីរឿងអាស្រូវនៃការរៃអង្គាសប្រាក់ ដែលបានធ្វើឲ្យការគាំទ្រសាធារណៈធ្លាក់ចុះបន្ថែមទៀត ចំពោះរដ្ឋបាលរបស់លោក ដែលបាន និងកំពុងស្ថិតក្រោមការរិះគន់។
បើតាមប្រធានដៃគូរដ្ឋាភិបាលចម្រុះ ដែលកំពុងកាន់អំណាច គឺលោក Natsuo Yamaguchi បាននិយាយនៅព្រឹកថ្ងៃពុធនេះថា លោក Kishida បានបង្ហើបប្រាប់ថា ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ដែលកាន់មុខតំណែងដ៏មានឥទ្ធិពលបំផុតមួយ ក្នុងរដ្ឋាភិបាល គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវដកចេញនេះ។ តែអ្វីដែលសំខាន់នោះ គឺថា កាលពីថ្ងៃអង្គារ (ទី១២ ខែធ្នូ) លោក Kishida បាននិយាយថា លោកចង់ឲ្យលោក Matsuno ដែលជាអ្នកសម្របសម្រួលគោលនយោបាយទូទាំងរដ្ឋាភិបាលជំនួសលោកនោះ បំពេញតួនាទីបន្តទៀត។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា រដ្ឋមន្ត្រីខុទ្ទកាល័យចំនួន ៤រូប និងអនុរដ្ឋមន្ត្រីមួយចំនួន ត្រូវបានគេរំពឹងថា នឹងចាកចេញ ខណៈដែលព្រះរាជអាជ្ញា ត្រូវស៊ើបអង្កេតថា តើសមាជិកសភាមួយចំនួន បានទទួលប្រាក់រាប់ពាន់ដុល្លារពីការរៃអង្គាសប្រាក់ ដែលបាត់ពីគណនីផ្លូវការរបស់គណបក្សដែរ ឬយ៉ាងណា។
ជាមួយគ្នានេះ គណបក្សប្រឆាំងដ៏ធំរបស់ប្រទេស ក៏កំពុងពិចារណាអំពាវនាវឲ្យមានញត្តិដកទំនុកចិត្ត នៅក្នុងរដ្ឋបាលរបស់លោក Kishida នៅថ្ងៃពុធនេះ ដែលស្ទើរតែប្រាកដណាស់ នឹងមិនទទួលបានជោគជ័យនោះទេ ដោយសារភាគច្រើននៃគណបក្សប្រជាធិបតេយ្យសេរី (LDP) និងដៃគូរបស់លោក គឺគណបក្ស Komeito គ្រប់គ្រងសំឡេងក្នុងសភា។
លោក Kishida គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅល្ងាចថ្ងៃពុធនេះ ក្នុងការឆ្លើយតបរបស់លោក ចំពោះការចោទប្រកាន់នេះ ដែលសារព័ត៌មាន Yomiuri រាយការណ៍ថា មេដឹកនាំរូបនេះទំនងជានឹងប្រកាសពីការដកគណៈរដ្ឋមន្ត្រី។ បណ្ដាញសារព័ត៌មានផ្សេងទៀត ឲ្យដឹងថា ការរុះរើនោះនឹងចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ)៕