
ដោយស្រង់សម្ដីពីអ្នក ដែលដឹងពីបញ្ហាលក់ហ៊ុនរបស់ក្រុមហ៊ុន SpaceX ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ (ទី១២ ខែធ្នូ) បានរាយការណ៍ថា ក្រុមហ៊ុនរបស់លោក Elon Musk នេះ នឹងលក់ភាគហ៊ុនក្នុងរង្វង់អ្នកខាងក្នុង នៅតម្លៃ ៩៧ដុល្លារ ក្នុងមួយហ៊ុន សម្រាប់ការស្នើដេញថ្លៃ ដែលធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនអវកាស និងផ្កាយរណបមួយនេះ ឡើងជិតដល់ ១៨០ពាន់លានដុល្លារ។
សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនឯកជន ដែលមានតម្លៃថ្លៃបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងពិភាក្សាលើការស្នើដេញថ្លៃ ដែលអាចមានចាប់ពី ៥០០លានដុល្លារ ដល់ ៧៥០លានដុល្លារ ពោលគឺក្នុងតម្លៃប្រហែល ៩៥ដុល្លារក្នុងមួយហ៊ុន តែឥឡូវនេះ បានឡើងដល់ ៩៧ដុល្លារ ក្នុងមួយហ៊ុន។
តម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុនយានអវកាសមួយនេះ គឺប្រហែល ១៥០ពាន់លានដុល្លារ ដែលតម្លៃនេះធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនឯកជនដ៏មានតម្លៃបំផុតមួយ នៅក្នុងពិភពលោក។ យ៉ាងណាក្ដី ពាក់ព័ន្ធនឹងការជួញដូរនេះ ក្រុមហ៊ុន SpaceX មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ៕