
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានព្រមានថា សង្គ្រាមនៅតំបន់ហ្កាហ្សា អាចនាំឲ្យមាន «ការផ្ទុះដ៏ធំ»នៃជម្លោះនៅមជ្ឈិមបូព៌ា ដោយប្រទេសលីបង់ និងយេម៉ែន «បានចូលរួម»រួចហើយ ចំណែកប្រទេសជាច្រើនទៀត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានប្រាប់វេទិកានៅទីក្រុងដូហា (Doha) កាលពីថ្ងៃចន្ទថា៖«យ៉ាងហោចណាស់រៀងរាល់សប្តាហ៍ យើងទទួលបានសារពីសហរដ្ឋអាមេរិក ដែលប្រាប់យើងថា មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវបានក្រុមមួយចំនួន កំណត់គោលដៅ»។
លោកបានពន្យល់តាមរយៈអ្នកបកប្រែថា៖ «នៅពេលណាមួយ អាចមានការផ្ទុះដ៏ធំមួយនៅក្នុងតំបន់ ដែលមិនអាចគ្រប់គ្រងបានដោយភាគីណាមួយនោះ»។
ការព្រមានមិនល្អនេះ ធ្វើឡើង បន្ទាប់ពីមានការវេតូរបស់សហរដ្ឋអាមេរិកទៅលើសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានព្យាយាមឲ្យមានបទឈប់បាញ់ជាបន្ទាន់។ តំណាង អចិន្ត្រៃយ៍រងរបស់សហរដ្ឋអាមេរិក លោក Robert A. Wood បានហៅ ការទាមទារឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌថា «គ្រោះថ្នាក់» និងជា«រូបមន្តសម្រាប់គ្រោះមហន្តរាយចំពោះអ៊ីស្រាអែល ប៉ាឡេ ស្ទីន និងតំបន់ទាំងមូល។ ចក្រភពអង់គ្លេស បានបដិសេធមិនឲ្យបោះឆ្នោត។