
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ (ទី១២ ខែធ្នូ) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ Fox News ថា បញ្ហានៃការផ្តល់មូលនិធិការពារជាតិ ដើម្បីឲ្យប្រទេសរបស់លោកប្រឆាំងតទល់នឹងរុស្ស៊ី គឺជា «បញ្ហាសីលធម៌» ជាជាង «បញ្ហាហិរញ្ញវត្ថុ»។
នៅថ្ងៃអង្គារនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានសមាជិកគណបក្សសាធារណរដ្ឋ ថា ពួកគេនឹងផ្តល់ «អំណោយបុណ្យណូអែល» ដល់ប្រទេសរុស្ស៊ី ប្រសិនបើពួកគេមិនយល់ព្រមផ្តល់ជំនួយយោធាបន្ថែមដល់ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy នោះទេ ដោយកិច្ចប្រជុំជាមួយសមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានបញ្ចប់ទៅដោយគ្មានការប្តេជ្ញាចិត្ត ក្នុងការផ្ដល់ជំនួយគាំទ្របន្ថែមទៀត។
លោក Zelenskiy បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្នើសុំមូលនិធិ ដែលជួយគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួន ទល់នឹងរុស្ស៊ី ប៉ុន្តែមេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រឈមនឹងការទទួលស្វាគមន៍អមដោយភាពមន្ទិលសង្ស័យពីសមាជិកសភាសំខាន់ៗរបស់គណបក្សសាធារណរដ្ឋ។ ប្រធានសភាតំណាងរាស្រ្ត លោក Mike Johnson នឹងមិនយល់ព្រមគាំទ្រសំណើរបស់លោក Biden ក្នុងការផ្តល់ប្រាក់ចំនួន ៦១,៤ ពាន់លានដុល្លារដល់អ៊ុយក្រែននោះទេ។
តែយ៉ាងណាក្ដី អំឡុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Zelenskiy បានប្រាប់ថា ទោះទទួលបានមូលនិធិ ឬអត់ ក៏ប្រទេសរបស់លោកត្រូវតែប្រយុទ្ធមិនរាថយជាដាច់ខាត៕