ភ្នំពេញ ៖ តំណាងសមាគមអ្នកដាំដុះ និងអ្នកកែច្នៃផលិតផលកសិកម្ម បានគាំទ្រការបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដើម្បីរួមគ្នាជាប្រព័ន្ធ និងជាកំលាំងប្រមូលផ្តុំ លើកកម្ពស់ផលិតផលក្នុងស្រុក ក្នុងការធានានូវតម្លៃទីផ្សារច្បាស់លាស់ ជាពិសេសជំរុញបង្កើនការដាំដុះ ប្រកបដោយនិរន្តភាព។
លោក ម៉ែន សុភ័ក្ត្រ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានប្រាប់ BTV នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ នេះថា លោកគាំទ្រពេញទំហឹងការបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា, ព្រោះកសិ-ឧស្សាហកម្ម វាជាចំណែកមួយនៃសក្ដានុពលសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។ លោកថា ការបង្កើតឲ្យមានសម្ព័ន្ធកសិ-ឧស្សាហកម្មនេះ គឺជាការរូបរួមគ្នាបង្កើតជាប្រព័ន្ធ នឹងការរួមកំលាំងគ្នាចរចាទីផ្សារ នាំគ្នាផលិតតម្រូវការទីផ្សារ ជាពិសេសជំរុញលើកកម្ពស់ការដាំដុះផលិតផលក្នុងស្រុក ។
ចំណែក លោក សុង ខេងលាន នាយកគ្រប់គ្រងសហគ្រាស C.L.S លើកឡើងថា ចំពោះគម្រោងបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា វាជារឿងថ្មីមួយទៀត ក្នុងការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែអ្វីៗដែលជួបប្រទះកន្លងមក គឺបញ្ហាការទទួលបានប្រភពព័ត៌មាន ដូច្នេះតាមរយៈនៃការបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា សម្រាប់ជំហានដំបូង លោកចង់ឲ្យសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា បង្កើតនូវប្រភពទិន្នន័យរួមមួយ ដើម្បីទទួលបានព័ត៌មានផ្សេងៗ ជុំវិញការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនេះ។
សូមបញ្ជាក់ថា សម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន បាននឹងកំពុងរៀបចំសេចក្តីព្រាង ដើម្បីបង្កើត និងអាចដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្ព័ន្ធនេះមានតួនាទីសំខាន ក្នុងការជម្រុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឲ្យរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្ត្រទូទាំងប្រទេស ៕
អត្ថបទ៖ សុន រ៉ាឌី,

