រតនគិរី៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អគារមិត្តភាពកម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់នាពេលនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលជាផ្លែផ្កា កើតចេញពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរសម្រាប់ឆ្នាំ២០០៣នេះ។
នាឱកាសអញ្ជើញជាអធិបតីរួមជាមួយឧត្តមសេនីយ៍ត្រី ហឿ វ៉ាន់ទឿង មេបញ្ជាការរង យោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មី មួយខ្នង ដែលជាសំណង់អគារមិត្តភាពកម្ពុជា វៀតណាម ស្ថិតក្នុងវរសេនាតូចលេខ ២ តំបន់ប្រតិបត្តិការសឹករង រតនគិរី ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម នៅថ្ងៃទី ១៣ខែធ្នូ ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក ថា អគារមិត្តភាពកម្ពុជា-វៀតណាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ជាសមិទ្ធផលថ្មីមួយថែមទៀត ដែលក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់ជូនក្រសួងការពារជាតិនៃ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម "X16" សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងមក។
នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា «សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលជាផ្លែផ្កា កើតចេញពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងវៀតណាម សម្រាប់ឆ្នាំ២០០៣នេះ និងជាការចូលរួមអបអរសាទរជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រី លើកទី១ ចំនួន៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សំដៅរួមចំណែកបង្កើនទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការរៀបចំសម្ពោធអគារមិត្តភាពកម្ពុជា-វៀតណាម នាថ្ងៃនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអបអរសាទរនូវសមិទ្ធផលនានា ដែលកងទ័ពប្រទេសទាំងពីរសម្រេចបាននាពេលកន្លងមកក្នុងស្មារតី លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម គ្រប់ជ្រុងជ្រោយ នឹងបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការកសាងខ្សែព្រំដែនកម្ពុជា-វៀតណាម មានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយមិត្ដភាព សំដៅរួមគ្នាសហការអភិវឌ្ឍន៍គ្រប់គ្រង រក្សាការពារតំបន់ព្រំដែន ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកទេសនាពេលខាងមុខ ដែលជានិមិត្តរូបនៃចំណងសាមគ្គីភាពស្អិតរមួតរវាងប្រជាជាតិ និងប្រទេសយើងទាំងពីរ។
ជាមួយគ្នានោះដែរឯកឧត្តម បានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោយពីការរៀបចំពិធីសម្ពោធអគារនានេះទៅ កងទ័ពនៅតាមព្រំដែនប្រទេសទាំងពីរ នឹងបន្តលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមស្មារតីមិត្តភាពជាប្រពៃជា ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលថ្មីៗនេះ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី ទៀ វ៉ាន់ទឿង តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានបញ្ជាក់ថា សំណង់មិត្តភាព ដែលជាជំនួយដោយក្រសួងការពារប្រទេសវៀតណាម នឹងមានអត្ថន័យជាក់ស្តែងចំពោះអង្គភាព បង្កលក្ខខណ្ឌងាយស្រួលដល់ជីវភាព និងលើកម្ពស់គុណភាព អនុវត្តន៍ការងាររបស់កម្មាភិបាល នាយទាហានវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី បន្ថែមទៀត រួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ, សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងតំបន់ព្រំដែនប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ត្រី ទៀ វ៉ាន់ទឿង បានបន្តថា កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ធ្វើការអស់ពីកម្លាំងកាយចិត្ត ជាមួយយោធភូមិភាគ ទី១ និងទី ៣ ស្ថិតខេត្តទិសឥសាន្តរបស់កម្ពុជា រក្សាបានស្ថិរភាព និងអភិវឌ្ឍន៍ចំណងសាមគ្គីភាព, មិត្តភាពជាប្រពៃណី (អ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រឹងមាំយូរអង្វែង) ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរប្រទេស រួមចំណែកយ៉ាងសកម្ម ដល់សន្តិភាព, ស្ថិរភាព, កិច្ចសហប្រតិបត្តិការ, និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាពិភពលោក៕ អត្ថបទបាន ចក់








