ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈគិតចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ បានឡើងថ្លៃចំនួន១០០រៀលទៀត ក្នុង១លីត្រ ដោយសារតែតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិកើនឡើងដូចគ្នា។
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលទទួលទូរទស្សន៍ប៊ីធីវី ទទួលបាននៅថ្ងៃទី១៧ ខែមិថុនានេះ បានបញ្ជាក់ថា សម្រាប់ប្រេងសាំងធម្មតាក្នុងរយៈពេល២សប្តាហ៍ទៅមុខទៀត ពោលគឺពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែមិថុនា នឹងលក់ចេញក្នុងតម្លៃ ៣ ៩០០រៀល ក្នុង១លីត្រ។ ចំណែកឯប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៣,៥៥០រៀល ក្នុង១លីត្រ ខណៈដែលពេលកន្លងទៅពោលគឺចន្លោះពីថ្ងៃទី ១ដល់ថ្ងៃទី ១៥ ខែមិថុនា ប្រេងសាំងធម្មតាមានតម្លៃ ៣៨០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៣៤៥០ រៀលក្នុងមួយលីត្រ។
ជុំវិញតម្លៃលក់ប្រេងឥន្ធនៈនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបន្តថា ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ នឹងត្រូវលក់ ៤ ០៦០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៣៧១០ រៀលសម្រាប់ប្រេងម៉ាស៊ូត។ ក៏ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ឬស្មើនឹង ២០០រៀល ក្នុង១លីត្រទើបតម្លៃចុះមកត្រឹម៣៩០០ រៀលក្នុងមួយលីត សម្រាប់ប្រេងសាំងធម្មតានិងតម្លៃ ៣.៥៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត៕
អត្ថបទ៖ ឈិត បូរ៉ាវី