
ប្រធានជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះនៅតំបន់ហ្កាហ្សា អាចជំរុញឲ្យ មានការផ្លាស់ទីលំនៅកាន់តែច្រើន នៅក្នុងតំបន់ធំនេះ ខណៈដែលមន្ត្រីUN អ្នកនយោបាយ និងក្រុមជំនួយ បានប្រមូលផ្តុំគ្នា នៅទីក្រុងហ្សឺណែវ នៅថ្ងៃពុធ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិជនភៀសខ្លួនជាសាកល។
មនុស្ស ១១៤លាននាក់នៅជុំវិញពិភពលោក ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ រួមទាំងជនភៀសខ្លួនប្រហែល ៤០លាននាក់ ដែលភៀសខ្លួនចេញពីជម្លោះសកម្មរាប់សិបរួមទាំង នៅក្នុងប្រទេសស៊ូ ដង់ និងអ៊ុយក្រែន។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅអ៊ីស្រាអែលភាគខាងត្បូង ក៏បានធ្វើឲ្យចំនួន៨៥ភាគនៃចំនួនប្រជាជនប៉ាឡេស្ទីន ផ្លាស់ប្តូរទីលំនៅ។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានប្រាប់វេទិកាជនភៀសខ្លួនសកល នៅទីក្រុងហ្សឺណែវ ជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំធ្វើឡើងរៀងរាល់៤ឆ្នាំម្តងថា៖«មហន្តរាយមនុស្សជាតិ កំពុងកើតឡើងនៅតំបន់ហ្កាហ្សាស្ទ្រីប ហើយរហូតមកទល់ពេលនេះ ក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការបញ្ឈប់អំពើហិង្សា»។