
ក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល ដែលត្រូវបានចាប់ជាចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សារយៈពេល ៦៨ថ្ងៃហើយនោះ បានឈរបន្តគ្នាភ្លាមៗ ដើម្បីធ្វើការតវ៉ា នៅមុខសភាអ៊ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃពុធ (ទី១៣ ខែធ្នូ) នេះ ដោយទាមទារឲ្យមានវិធានការពីរដ្ឋាភិបាលអ៊ីស្រាអែល និងពិភពលោក ដើម្បីនាំឲ្យមានការរដោះលែងដោយសុវត្ថិភាព ចំពោះសាច់ញាតិរបស់ខ្លួន។
អំឡុងការតវ៉ានោះ ក្រុមគ្រួសារទាំងនោះ បាននិយាយថា ពេលវេលាកំពុងអស់ទៅៗហើយ សម្រាប់អ្នក ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា តាំងពីពេលនោះមក។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃការសម្លាប់រង្គាលពីសមណាក់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានបង្កឲ្យមានសង្រ្គាម នៅហ្កាហ្សានោះ មនុស្សប្រហែល ២៤០នាក់ ជាជនជាតិអ៊ីស្រាអែល និងជនបរទេស ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះ។
ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ១សប្តាហ៍ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន ជនស៊ីវិល ១០៥នាក់ ត្រូវបានដោះលែងពីការជាប់ឃុំឃាំង។ ចំណាប់ថ្នូរ ៤នាក់ ត្រូវបានដោះលែងមុនពេលឈានដល់កិច្ចព្រមព្រៀង ហើយចំណាប់ថ្នូរម្នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ហ្កាហ្សា ដោយកងកម្លាំងអ៊ីស្រាអែល។
កាលពីថ្ងៃអង្គារ (ទី១២ ខែធ្នូ) អ៊ីស្រាអែល បានប្រកាសថា មនុស្ស ១៩នាក់ ក្នុងចំណោម ១៣៥នាក់ ដែលនៅតែជាប់ឃុំ នៅតំបន់ហ្កាហ្សា បានស្លាប់ដោយកំបាំងមុខ បន្ទាប់ពីបានប្រកាសថា កងកម្លាំងរបស់ខ្លួន បានរកឃើញសាកសពចំណាប់ថ្នូរ ២នាក់៕