ភ្នំពេញ ៖ អាជ្ញាធរមូលដ្ឋាននៅតំបន់ផ្សារដើមគរ រាជធានីភ្នំពេញ បាននិយាយថា គិតចាប់ពីការអនុញ្ញាតឲ្យបើកដំណើរការលក់ឡើងវិញ ក្រោយពីផ្អាកមួយរយៈពេលដោយសារការរាលដាលឆ្លងជំងឺកូវីដ-១៩ មកដល់ពេលនេះ មានអាជីវករប្រមាណ៣០%ប៉ុណ្ណោះ ដែលបានបើកលក់ឡើងវិញ ខណៈអាជីវករខ្លះបានផ្លាស់ប្តូរទីតាំងលក់។
អ្នកស្រី មុំ ណាន អ្នកចែកចាយបន្លែបោះដុំ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ការបើកការលក់ដូរឡើងវិញនៅពេលនេះ មិនសូវដាច់ដូចមុននោះទេ តែយ៉ាងណាអ្នកស្រីអាចរកចំណូលបានខ្លះប្រសើរជាងពេលដែលអាជ្ញាធរបិទមិនឲ្យលក់ដោយសារបញ្ហាកូវីដ-១៩។ អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានអាជីវករច្រើនបើកលក់បន្លែឡើងវិញដូចកាលពីមុនពេលបិទផ្សារនោះឡើយ។
ក្រុមអាជីវករផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា ក្នុងអំឡុងបិទខ្ទប់ និងផ្អាកលក់មួយរយៈពេលកន្លងមក ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលខ្លះ ហើយក្រោយបានត្រឡប់មកលក់នៅទីតាំងចាស់ឡើងវិញ ក៏មិនសូវដាច់ច្រើនដូចមុននោះដែរ ព្រោះថា ការលក់មិនមែនមានតែមួយកន្លែងនិងផ្តុំគ្នាដូចពីមុនទេ ហើយអ្នកទិញខ្លះក៏បានងាកទៅទិញនៅកន្លែងផ្សេងដែរ ដូចជា នៅរង្វង់មូលគួរស្រូវជាដើម ដែលអាជីវករមួយចំនួនធំបានរើទៅលក់នៅទីនោះជំនួសឲ្យទីតាំងចាស់។ តែយ៉ាងណា ក្រុមអាជីវករសប្បាយចិត្តដែលអាជ្ញាធរបើកឲ្យលក់ឡើងវិញ និងសន្យាគោរពនូវវិធានការអនាម័យ ដើម្បីទប់ស្កាត់កូវីដ-១៩។
កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ និងតម្រូវឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ឈិត បូរ៉ាវី