សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធ (១៣ ធ្នូ) បានបោះឆ្នោត ដើម្បីអនុញ្ញាតជាផ្លូវការនូវការស៊ើបអង្កេតការចោទប្រកាន់ដែលកំពុងបន្តរបស់ខ្លួនដើម្បីទម្លាក់តំណែងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ខណៈសមាជិកបក្សសាធារណរដ្ឋរួបរួមគ្នានៅពីក្រោយកិច្ចខិតខំប្រឹងប្រែងនេះ ទោះបីជាសមាជិកគណបក្សប្រជាធិបតេយ្យ និយាយថាពួកគេមិនទាន់រកឃើញភស្តុតាង នៃការប្រព្រឹត្តខុសរបស់ប្រធានាធិបតីរូបនេះក៏ដោយ។

សភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋនេះ បានបោះឆ្នោតក្នុងការគាំទ្រ ២២១សំឡេងទល់នឹង ២១២សំឡេង តាមជួរគណបក្សដើម្បីអនុម័តការស៊ើបអង្កេតនេះ ដែលកំពុងពិនិត្យមើលថាតើលោក បៃដិន ទទួលបានផលប្រយោជន៍មិនត្រឹមត្រូវពីទំនាក់ទំនងអាជីវកម្មបរទេសរបស់កូនប្រុសវ័យ ៥៣ឆ្នាំរបស់ខ្លួនគឺលោក ហាន់ធឺ បៃដិន (Hunter Biden) ឬយ៉ាងណា រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីកូនប្រុសប្រធានាធិបតីរូបនេះបានបដិសេធការកោះហៅដើម្បីផ្តល់សក្ខីកម្មបិទទ្វារ។

សេតវិមានបានច្រានចោលការស៊ើបអង្កេតនេះថាមិនមានការបញ្ជាក់ដោយអង្គហេតុ និងមានហេតុផលនយោបាយនៅពីក្រោយ។ លោក បៃដិន កំពុងរៀបចំសម្រាប់លទ្ធភាពការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ដែលប្រកួតប្រជែងជាមួយអតីតប្រធានាធិបតីបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ (Donald Trump)។
កិច្ចខិតខំប្រឹងប្រែងនេះ ស្ទើរតែមិនអាចទៅរួចក្នុងការដកលោក បៃដិន ចេញពីតំណែង។ បើទោះជាសភាបោះឆ្នោតចោទប្រកាន់ប្រធានាធិបតីក៏ដោយ ក៏ព្រឹទ្ធសភានឹងត្រូវបោះឆ្នោតកាត់ទោសលោកលើការចោទប្រកាន់ដោយសំឡេងគាំទ្រពីរភាគបី ដែលជាលទ្ធភាពមិនអាចទៅរួចនៅក្នុងព្រឹទ្ធសភា ដោយសារសមាជិកបក្សប្រជាធិបតេយ្យរបស់លោក បៃដិន មានសំឡេងភាគច្រើនគឺ ៥១សំឡេង ទល់នឹងបក្សសាធារណរដ្ឋ ដែលមានត្រឹមតែ៤៩សំឡេងប៉ុណ្ណោះ៕
