មន្ត្រីអង្គការសហប្រជាជាតិ អ្នកនយោបាយ ភ្នាក់ងារផ្ដល់ជំនួយ និងក្រុមធុរកិច្ចរាប់ពាន់នាក់បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ ១៣ ធ្នូ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិជនភៀសខ្លួន ខណៈទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិមានគោលបំណងប្រឆាំងនឹងការបដិសេធ ចេះតែកើនឡើង របស់បណ្ដាប្រទេសលោកខាងលិច ដែលចាត់ទុកជនភៀសខ្លួនជាការគំរាមកំហែង។

កំណត់ត្រាមួយនិយាយថាមានមនុស្សប្រមាណ ១១៤ លាននាក់នៅជុំវិញពិភពលោកត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ រួមទាំងជនភៀសខ្លួនប្រហែល ៤០ លាននាក់ដែលភៀសខ្លួនចេញពីជម្លោះធំៗជាង ៥០ នៅទូទាំងពិភពលោក រួមទាំងនៅស៊ូដង់ និងអ៊ុយក្រែនផងដែរ។ យ៉ាងណាក៏ដោយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ថា អ្នកនយោបាយលោកខាងលិចជាច្រើន មានការស្វាគមន៍កាន់តែតិចទៅៗ ក្នុងការប្រឈមនឹងបញ្ហានេះ។

លោកពុំបានបញ្ចេញឈ្មោះរដ្ឋាភិបាលដែលរូបលោកមាននៅក្នុងចិត្តទេ ប៉ុន្តែកាលពីកន្លងទៅ បានហៅផែនការរបស់ចក្រភពអង់គ្លេសក្នុងការនិរទេសក្រុមជនអន្តោប្រវេសន៍ទៅកាន់ប្រទេសរ្វ៉ាន់ដា ថាជារឿងខុសទាំងស្រុង ហើយបានស្នើឱ្យមានការកែតម្រូវគោលនយោបាយរបស់សហរដ្ឋអាមេរិក។
UNHCR របស់អង្គការសហប្រជាជាតិ រៀបចំព្រឹត្តិការណ៍នេះរៀងរាល់បួនឆ្នាំម្តង ក្រោមក្របខណ្ឌដែលមានស្រាប់ ដើម្បីចែករំលែកទំនួលខុសត្រូវសម្រាប់ជនភៀសខ្លួនដោយស្មើភាព។ មនុស្សជាង៤.០០០នាក់ គ្រោងចូលរួមក្នុងព្រឹត្តិការណ៍ទីក្រុងហ្សឺណែវ រួមទាំងប្រមុខរដ្ឋចំនួនប្រាំបី និងរដ្ឋមន្ត្រីការបរទេសចំនួន ៣០ប្រទេស ផងដែរ និងមានជនភៀសខ្លួនប្រហែល ១០% នៃអ្នកចូលរួម។
លោក Grandi បាននិយាយថាលោកសង្ឃឹមថា ពួកគេក៏នឹងបង្កើតកិច្ចសន្យាផ្នែកហិរញ្ញវត្ថុដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលកង្វះថវិកាចំនួន ៤០០លានដុល្លារសម្រាប់ឆ្នាំនេះ។ លោកបាននិយាយថាក៏មាន ភាពមិនប្រាកដប្រជា ផងដែរអំពីថាតើម្ចាស់ជំនួយធំៗចំនួនពីររបស់ UNHCR គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ អាចផ្តល់បានប៉ុន្មាននៅឆ្នាំ២០២៥៕
