
នៅថ្ងៃទី១៤ ខែធ្នូនេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានអញ្ជើញបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ៣១ ដែលនៅមហាសន្និបាតនេះ នឹងជំរុញទីវត្តអារាមចាស់បុរាណនានាទទួលបានការអភិវឌ្ឍ និងអភិរក្ស និងជំរុញប្រែក្លាយវត្តជារមណីយដ្ឋានទេសចរណ៍សាសនា ទាក់ទាញទេសចរចូលទស្សនាផងដែរ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា នៅក្នុងអង្គមហាសន្និបាតរយៈពេល២ថ្ងៃនេះ តំណាងមន្ត្រីសង្ឈ នឹងធ្វើកិច្ចពិភាក្សា ដោយបញ្ញាស្មារតី និងបទពិសោធន៍ ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់ការអនុវត្តសង្ឃប្រកាសនាពេលកន្លងមក និងដើម្បីសម្រេចឱ្យបានតាមមូលបទនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១នេះ សំដៅពង្រឹងពង្រីករចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំព្រះសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌ព្រះវិន័យ ក៏ដូចជាការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ជកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បន្តរីកចំម្រើន។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ថ្លែងថា នៅក្នុងអង្គមហាសន្និបាតមន្ត្រីទូទាំងប្រទេស លើកទី៣១ ក្រសួងបាននិងកំពុងជម្រុញឱ្យអ្នកពាក់ពន្ធ័ ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំទីវត្តអារាម ឱ្យក្លាយទៅជាតំបន់មរណីយដ្ឋាន ទេសចរណ៍សាសនា ដោយមានការគ្រប់គ្រងល្អ មានបរិស្ថានល្អ ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាសិក្សាឈ្វេងយល់ពីប្រពៃណី ទំនៀម ទម្លាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើនក្នុងសង្គម តាមរយៈព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ក្រោមដំបូលសន្តិភាពបច្ចុប្បន្ន ទូទាំងប្រទេស មាន វត្តអារាមព្រះពុទ្ធសាសនាសរុបចំនួន ៥ ១៣៣វត្ត ក្នុងនោះ វត្តមហានិកាយ មាន ៤ ៨៦៦ និងវត្តធម្មយុត្តិកនិកាយមាន ២៦៧វត្ត និងមានព្រះសង្ឃសរុបចំនួន៦ម៉ឺន៨៩៦៧អង្គ ក្នុងព្រះសង្ឈមហានិកាយ មាន ៦ម៉ឺន៦ ៦០៩អង្គ និងព្រះសង្ឈធម្មយុត្តិកនិកាយ ២ ៣៥៨ អង្គអាចារ្យ អាចារិនី៕ អត្ថបទ៖ ស៊ុម សុខជា



