ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ៩នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការពួនស្ទាក់វាយប្រហារ នៅក្នុងទីក្រុងហ្កាហ្សា។ ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើង ខណៈកងកម្លាំងអ៊ីស្រាអែល បន្តការវាយលុកជើងគោករបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

កងទ័ពជើងគោកអ៊ីស្រាអែល នៅតែជាប់ក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាជាមួយយុទ្ធជនប៉ាឡេស្ទីន នៅក្នុងនិងជុំវិញទីក្រុងហ្កាហ្សា រយៈពេលច្រើនជាង៦សប្តាហ៍ បន្ទាប់ពីទាហាន បានលុកលុយភាគខាងជើង។

ក្រុមអ្នកស្រុក បាននិយាយថា ការប៉ះទង្គិចគ្នា បានកើតឡើងពេញមួយយប់ និងឈានចូលថ្ងៃពុធ នៅក្នុងតំបន់ជាច្រើន ជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងទីក្រុងស៊ីចៃយ៉ា (Shijaiyah)។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយថា ការវាយឆ្មក់ដ៏សាហាវនេះ បានកើតឡើងនៅក្នុងសង្កាត់ ស៊ីចៃយ៉ានៃទីក្រុងហ្កាហ្សាពាក់ព័ន្ធនឹងការបាញ់កាំភ្លើង និងការផ្ទុះជាច្រើនគ្រាប់។ សង្កាត់ដែលប្រជាជនច្រើនដូចគ្នានេះ គឺជាកន្លែងនៃសមរភូមិប្រយុទ្ធដ៏ធំបំផុតមួយនៃសង្គ្រាមមុនមួយ នៅតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយថា ទាហានសរុបចំនួន៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ហើយបានកំណត់អត្តសញ្ញាណថាជាទាហានដែលបានស្លាប់ក្នុងសមរភូមិ។ អ្នកស្លាប់រួមមានទាហានមានវ័យអាយុ១៩ឆ្នាំ ហើយក្រៅពីនេះ ពួកគេមានវ័យខ្ទង់២០ឆ្នាំ និង៣០ឆ្នាំ។