ខណៈលោកប្រធានាធិបតីចិន Xi Jinping បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ប្រទេសទាំង២និយាយកាលពីថ្ងៃពុធថា ប្រទេសចិន និងវៀតណាមបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ឆ្ពោះទៅរកការក្លាយជាសហគមន៍មួយដែលមានអនាគតរួមគ្នា។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Xi ទៅកាន់ប្រទេសជិតខាងដែលគ្រប់គ្រងដោយកុម្មុយនិស្ត មានទំនាក់ទំនងសេដ្ឋកិច្ចដ៏ជិតស្និទ្ធ ប៉ុន្តែមានជម្លោះលើព្រំដែនទឹកក្នុងសមុទ្រចិនខាងត្បូង បានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការរាប់សិបវិស័យ ហើយបានយល់ព្រមបង្កើតបណ្តាញទូរស័ព្ទបន្ទាន់បន្ថែមទៀតដើម្បីបញ្ចៀសភាពអាសន្នណាមួយនៅក្នុងដែនទឹកដែលពោពេញដោយការប្រកួតប្រជែង។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលមានកម្រាស់១៦ ទំព័រ ប្រទេសដែលមានប្រវត្តិសាស្រ្តនៃជម្លោះរាប់ពាន់ឆ្នាំ បានប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងឧស្សាហកម្មការពារជាតិ និងការផ្លាស់ប្តូរព័ត៌មានសម្ងាត់។

មេដឹកនាំទាំង២បាននិយាយថា គោលបំណងរបស់ប្រទេសទាំង២ គឺមួយផ្នែកដើម្បីបញ្ចៀសហានិភ័យនៃអ្វីដែលមេដឹកនាំទាំង២បានហៅថាជា បដិវត្តន៍ពណ៌ ដែលត្រូវបានផ្សព្វផ្សាយដោយកងកម្លាំងអរិភាព ដោយប្រើពាក្យសម្រាប់ការបះបោរដ៏ពេញនិយមដែលបានរង្គោះរង្គើដល់អតីតប្រទេសកុម្មុយនិស្តមួយនេះ។
លោក Xi បានប្រាប់ប្រធានសភាវៀត ណាម លោក វ៉ង ឌីញ ហេ (Vuong Dinh Hue) នៅក្នុងកិច្ចប្រជុំមុននេះថា ប្រទេសចិន និងវៀតណាម បានប្រកាសអំពីការបង្កើតសហគមន៍យុទ្ធសាស្ត្រចិន-វៀតណាមនៃ អនាគតរួមគ្នា ដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិន-វៀតណាម៕