សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នៃក្រសួងសុខាភិបាល បានរៀបចំពិធី ផ្សព្វផ្សាយសៀវភៅ «ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក់លោក Pierre Vincent (ព្យែរ វ៉ាង់សង់)ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នៃស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវសាស្ត្រាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាស្ត្រាចារ្យ មន្ត្រីបុគ្គលិក និស្សិត សរុប ប្រមាណ ៣៥០នាក់។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា សៀវភៅ «ឱសថការីបារាំងម្នាក់ នៅស្រុកខ្មែរ» នេះ ត្រូវបាន និពន្ធជាភាសាបារាំង ដោយលោក សាស្ត្រាចារ្យ Jean Cros (ហ្សង់ ក្រូស) សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Toulouse (ទូលូ)ប្រទេសបារាំង និងត្រូវបានបកប្រែ ជាភាសាខ្មែរ និងផ្សព្វផ្សាយនៅប្រទេសកម្ពុជា ដោយលោកជំទាវសាស្ត្រាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការផ្ដល់សិទ្ធបកប្រែ និងផ្សព្វផ្សាយ ដោយរោងពុម្ព Privat (ព្រីវ៉េត)និងលោកសាស្ត្រាចារ្យ Jean Cros ផ្ទាល់។ សៀវភៅនេះ ជាសៀវភៅមួយ ឧទ្ទិសដល់វិស័យឱសថសាស្ត្រ ដែលបានរៀបរាប់អំពីប្រវត្តិ និងការវិវឌ្ឍនៃការបណ្តុះបណ្តាលឱសថការី នៅប្រទេសកម្ពុជា និងការជួយគាំទ្រពីកិច្ចសហប្រតិបត្តិការ បារាំង លើការបណ្តុះបណ្តាលវិស័យសុខាភិបាល ព្រមទាំងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការស្ដារឡើងវិញវិស័យសុខាភិបាល ចេញពីបាតដៃទទេ ក្រោយការដួលរលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា បានកោតសរសើរជូនចំពោះលោកជំទាវ ទេព រង្ស៊ី ដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា កម្លាំងកាយចិត្តស្មារតី ប្រាជ្ញា និងធនធានផ្ទាល់ខ្លួន ក្នុងការបកប្រែជាភាសាខ្មែរនេះ និងបោះពុម្ពសៀវភៅដ៏មានអត្ថប្រយោជន៍នេះ។ កាយវិការដ៏ឧត្តុង្គឧត្តមនេះ គឺជាគំរូដ៏ល្អបំផុតសម្រាប់សាស្រ្តាចារ្យ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងនិសិ្សត ក្នុងវិស័យសុខាភិបាលទាំងអស់ ក្នុងការបង្កើតជាស្នាដៃឯកសារជាភាសាខ្មែរ សម្រាប់ជាប្រយោជន៍ដល់សាធារណជនក្នុងវិស័យសុខាភិបាលទាំងមូល។ ថ្វីត្បិតយើងមានការរីកចម្រើនក្នុងការបណ្តុះបណ្តាលលើវិស័យសុខាភិបាលកី្ត ប៉ុន្តែឯកសារយោងផ្សេងៗភាគច្រើន គឺជាភាសាបារាំង អង់គ្លេស និងមានតិចណាស់ជាភាសាខ្មែរ។

ឯកឧត្តម រដ្ឋលេខាធិការ សូមយកឱកាសនេះ អំពាវនាវ និងលើកទឹកចិត្តដល់សាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមជួយខិតខំចងក្រងសៀវភៅក្នុងវិស័យសុខាភិបាលឲ្យបានច្រើនបន្តទៀត ដើម្បីជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវរបស់និសិ្សតយើង៕ អត្ថបទ រដ្ឋា







