មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកម្មវិធី Joint Strike Fighter បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានពន្លឿនការធ្វើបច្ចុប្បន្នភាពសមត្ថភាពដល់យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស។

លោកឧត្តមសេនីយ៍ទោ Michael Schmidt នាយកប្រតិបត្តិកម្មវិធីសម្រាប់យន្តហោះ F-35 បានបដិសេធមិនកំណត់អត្តសញ្ញាណដល់អ្នកសារព័ត៌មានអំពីសមត្ថភាពដែលបានបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលពីរខែបន្ថែម បន្ទាប់ពីការវាយប្រហារនោះ ដោយបញ្ជាក់ថា កម្មវិធីនេះ ព្យាយាមរក្សាគ្រប់ប្រទេសទាំងអស់ដែលមានយន្តហោះចម្បាំងប្រភេទនេះត្រូវបានផ្គត់ផ្គង់នូវគ្រឿងបន្លាស់ និងសមត្ថភាពផ្សេងៗទៀត។

ប៉ុន្តែនិយាយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសវនាការមួយនៅចំពោះមុខអនុគណៈកម្មាធិការសភាស្តីពីទ័ពអាកាសជាយុទ្ធសាស្ត្រ និងទ័ពជើងគោក លោក Schmidt បានបញ្ជាក់ថា ការកែលម្អដែលបានធ្វើឡើងនេះយ៉ាងប្រញាប់ប្រញាល់បញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.២00នាក់។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ១៨.០០០ នាក់ បានស្លាប់ដោយសារការវាយប្រហារតាមអាកាស និងថ្នើរជើងរបស់អ៊ីស្រាអែលជាបន្តបន្ទាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោក Bill LaPlante អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកលទ្ធកម្ម និងការថែទាំ បាននិយាយនៅក្នុងសវនាការថា កម្មវិធី F-35 ថ្មីៗនេះ អាចប្រញាប់ប្រញាល់ធ្វើបច្ចុប្បន្នភាពឯកសារទិន្នន័យបេសកកម្មទៅកាន់ប្រទេសមួយ ក្នុងមួយសប្តាហ៍ ឬ មួយសប្តាហ៍កន្លះ។ លោក Schmidt បានបញ្ជាក់បន្ទាប់ពីសវនាការនោះថា លោក LaPlante និយាយសំដៅទៅប្រទេសអ៊ីស្រាអែល។