សក្ខីកម្មបានបិទបញ្ចប់កាលថ្ងៃពុធ (១៣ ធ្នូ) នៅក្នុងការកាត់ក្តីក្លែងបន្លំឯកសារនៃបណ្ដឹងរដ្ឋប្បវេណីរបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាទីដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះត្រូវបានចោទប្រកាន់ពីបទនិយាយកុហកបំប៉ោងតម្លៃទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនដើម្បីបោកបញ្ឆោតម្ចាស់បំណុលដើម្បីទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុកាន់តែច្រើន។

បណ្តឹងរបស់អគ្គមេធាវីទីក្រុងញូវយ៉ក ព្យាយាមផាកពិន័យលោក ត្រាំ យ៉ាងហោចណាស់ ២៥០លានដុល្លារ និងកាត់បន្ថយសមត្ថភាពរបស់លោកយ៉ាងខ្លាំងក្នុងការធ្វើអាជីវកម្មនៅទីក្រុងញូវយ៉ក ជាទីដែលទ្រព្យសម្បត្តិជាច្រើនរបស់លោកស្ថិតនៅ។

លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងតំណែងបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋឆ្នាំ ២០២៤ បានបដិសេធថាមិនបានប្រព្រឹត្តខុសនោះទេ ហើយបានហៅបណ្ដឹងនេះថាជា «ការបោកប្រាស់»។
ចៅក្រមដែលដឹកនាំរឿងក្តីនេះ គឺចៅក្រម អាថឺ អ៊ែនហ្គូរ៉ន (Arthur Engoron) ត្រូវបានគេរំពឹងថានឹងចេញសាលក្រមជាលាយលក្ខណ៍អក្សរបន្ទាប់ពីបញ្ចប់ការជជែកដេញដោលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

អគ្គមេធាវីក្រុងញូវយ៉ក លោកស្រី ឡេទីទីយ៉ា ជេមស៍ (Letitia James) ដែលបានបញ្ជូនបណ្ដឹងនេះទៅតុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការកាត់ក្តី «បង្ហាញពីវិសាលភាពពេញលេញ» នៃការក្លែងបន្លំរបស់លោក ត្រាំ និង «ភាពអសមត្ថភាពរបស់លោកក្នុងការបង្ហាញថាខ្លួនមិនបានធ្វើខុស»៕