ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៣ ធ្នូ) ថាតំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយសុខភាពសាធារណៈដោយសារតែការដួលរលំនៃប្រព័ន្ធសុខាភិបាលរបស់ខ្លួន និងការរីករាលដាលនៃជំងឺ ស្របពេលមានការវាយលុកពីអ៊ីស្រាអែល ដែលបានវាយប្រហារមន្ទីរពេទ្យ និងបានជម្លៀសមនុស្សរាប់សែននាក់។

អង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយបានប្រកាសអាសន្នអំពីការរីករាលដាលនៃជំងឺឆ្លងនៅក្នុងតំបន់ហ្កាហ្សា ដែលការភៀសខ្លួនខាងក្នុងរបស់ប្រជាជនចំនួន ៨៥% បានបណ្តាលឱ្យមានភាពចង្អៀតយ៉ាងខ្លាំងនៅក្នុងជម្រក និងកន្លែងរស់នៅបណ្តោះអាសន្នផ្សេងទៀត។

អ៊ីស្រាអែល ដែលបានធ្វើសង្រ្គាមនៅតំបន់ហ្កាហ្សា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់អំណាចលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើសហគមន៍ភាគខាងត្បូងរបស់អ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា បានប្រាប់ជនស៊ីវិលឱ្យភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ ហើយនិយាយថា ខ្លួនព្យាយាមបញ្ជៀសទុក្ខព្រួយមនុស្សធម៌។

លោកស្រី លីន ហាស្ទីងស៍ (Lynn Hastings) អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីនដែលកាន់កាប់បាននិយាយថា «យើងទាំងអស់គ្នាដឹងថាប្រព័ន្ធថែទាំសុខភាពនៅតំបន់នេះគឺកំពុងតែដួលរលំ»។
អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ជំងឺរាគ ការកើតចៃ កមរមាស់ និងជំងឺដែលរីករាលដាលយ៉ាងឆាប់រហ័សផ្សេងទៀត៕