ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការបំផ្លាញនៅភាគឦសានប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូនេះ ដោយបានផ្តួលរំលំដើមឈើ កាត់ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឱ្យពលរដ្ឋជម្លៀសខ្លួន និងមានការបិទផ្លូវ ខណៈអ្នកស្រុកប្រឈមទៅនឹងហានិភ័យនៃទឹកជំនន់ដ៏គំហុគដែលគំរាមកំហែងដល់អាយុជីវិត។

ព្យុះស៊ីក្លូន Jasper បានវាយបក់បោកលើតំបន់ចុងខាងជើងនៃរដ្ឋ Queensland ជាទីតាំងរមណីយដ្ឋានជាច្រើនកន្លែង នៅតាមបណ្តោយថ្មប៉ប្រាស់ទឹក Great Barrier ដ៏ល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីបានវាយបក់ដល់ដីគោកកាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ជាព្យុះប្រភេទទី២ ដែលមាន៣កម្រិតក្រោមកម្រិតល្បឿនខ្យល់គ្រោះថ្នាក់បំផុត។

ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយថា ព្យុះដែលបច្ចុប្បន្ននេះ បានបន្ថយពីកម្រិតទាបត្រូពិក កំពុងធ្វើដំណើរក្នុងទិសដៅភាគពាយ័ព្យឆ្ពោះទៅកាន់ឈូងសមុទ្រ កាផេនតារីយ៉ា(Carpentaria) ជាកន្លែងដែលព្យុះអាចបង្កើនកម្លាំងត្រឡប់ទៅជាព្យុះស៊ីក្លូនវិញ នៅចុងសប្តាហ៍នេះ។
ទោះបើជាព្យុះថយចុះក៏ដោយ ការិយាល័យអាកាសធាតុ បានព្រមានដល់ពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយព្យុះស៊ីក្លូនថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នៅទីនោះក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។