ភ្នំពេញ៖ តម្លៃស្រូវនៅក្នុងរដូវឆ្នាំនេះ បានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ប្រមាណជាង៣០ ភាគរយ ដែលជាផ្នែកមួយកំពុងជួយសម្រួល ដល់ជីវភាពរស់នៅរបស់កសិករ និងជួយលើកកម្ពស់ដល់ការដាំដុះផលិតកម្មស្រូវនៅកម្ពុជា។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីតម្លៃស្រូវនៅក្នុងឆ្នាំ២០២៣នេះថា ជាង ១៥ ឆ្នាំកន្លងមកនេះ តម្លៃស្រូវមិនមានការប្រែប្រួលខ្លាំងនោះទេ តែនៅក្នុងរដូវឆ្នាំនេះ តម្លៃស្រូវគ្រប់ប្រភេទបានហក់ឡើងខ្ពស់ និងមានកំណើនប្រមាណជាង៣៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុនៗ។
ឧកញ៉ា បន្តថា ចំពោះការឡើងថ្លៃនេះ ដោយសារបច្ចុប្បន្នពិភលោកមានការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ក្នុងអាស៊ីអាគ្នេយ៍ កំពុងជួបវិបត្តិបញ្ហាស្បៀង ដោយធ្វើឲ្យប្រទេសទាំងអស់នោះប្រមូលទិញអង្ករពី ប្រទេសដែលមាន ផលិតកម្មស្រូវច្រើន រួមជាមួយកម្ពុជាផងដែរ, ដោយការប្រមូលទិញនេះ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម បានប្រមូលទិញស្តុកទុក ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ពួកគាត់។ បញ្ហាទាំងនេះបានធ្វើឲ្យតម្លៃស្រូវឆ្នាំនេះ បានហក់ឡើង ខ្ពស់ខុសពីធម្មតា ដែលជាផ្នែកមួយជួយសម្រួលដល់ជីវភាពរស់នៅរបស់កសិករ និងជួយលើកកម្ពស់ដល់ការដាំដុះផលិតកម្មស្រូវ នៅកម្ពុជា។
ជុំវិញតម្លៃស្រូវនេះ,ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ឲ្យដឹងថា សម្រាប់ទីផ្សារស្រូវបច្ចុប្បន្ន ប្រភេទស្រូវរំដួល មានតម្លៃថ្លៃជាងគេ ក្នុងនោះ កសិករបានដាំដុះក្នុងរង្វង់ប្រមាណជាង២លានតោន, ស្រូវសែនក្រអូបជាប្រភេទស្រូវទី២ មានចំនួនប្រមាណក្នុងជាង ៣០ ម៉ឺន តោន ក្រៅពីនេះមានប្រភេទស្រូវ ស្រង៉ែ, មានស្រូវ ៥១ និង ៥៤ សរុបទាំងអស់មានប្រមាណជាង១០លានតោន ដោយតម្លៃស្រូវមាន ស្ថិរភាពល្អ គឺចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ជាក់ស្តែងមកពេលនេះ តម្លៃស្រូវបានហក់ឡើងជាង ៣០ %៕អត្ថបទ៖ សុន រ៉ាឌី,