រតនគិរី ៖ កម្លាំងការពារព្រំដែន រវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម ចាប់ផ្តើមដើរល្បាតរួមគ្នានៅតំបន់បង្គោលព្រំដែនមរកតកន្ទុយនាគ ដែលជាតំបន់ប្រសព្វនៃប្រទេសទាំងបី ខណៈបង្គោលព្រំដែនមួយនេះបានបង្ហាញនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីក្នុងកិច្ចការពារព្រំដែន ដែលជាប់គ្នាឲ្យកាន់តែល្អប្រសើបន្ថែមទៀត។
បង្គោលព្រំដែនមរកតកន្ទុយនាគ ត្រូវបានសាងសង់ឡើងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា-ឡាវ និងវៀតណាម ចាប់តាំងពីឆ្នាំ២០០៧មក ហើយក្នុងឆ្នាំ២០០៨ត្រូវបានសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការ។ ការសាងសង់នូវបង្គោលព្រំដែននៃតំបន់ប្រសពប្រទេសទាំងបីនេះស្របទៅតាមច្បាប់នៃកតិការសញ្ញាស្តីពីព្រំដែនអន្តរជាតិ។ បង្គោលដែលស្ថិតនៅក្នុង តំបន់ប្រសពទាំងប្រីប្រទេសនេះ គឺកម្ពុជាជាប់ខេត្តរតនគិរី ឡាវ ជាប់ខេត្តអាតាប៉ើ ខណៈវៀតណាមជាប់នឹងខេត្តកុន ទុំ។
ជាមួយនិងការចាប់ផ្តើមឲ្យល្បាតរួមគ្នារវាងឆ្នាំមការពារព្រំដែននៃប្រទេសបីនេះ គឺកើតឡើងក្រោយកិច្ចជំនួបប្រាស្រ័យគ្នានៅលើបង្គោលព្រំដែនមរកតកន្ទុយនាគរវាង ប្រមុខការពារជាតិកម្ពុជា ឡាវ និងវៀតណាម ដោយកិច្ចជំនួបនេះត្រូវបានភាគីទាំងបីហៅថាជាកិច្ចជំនួបដំបូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបីឲ្យកាន់តែរីកចម្រើន បន្ថែមទៀតក្នុងនាមប្រទេសជិតខាងនឹងគ្នា។
បន្ទាប់ពីធ្វើកិច្ចជំនួបជាមួយគ្នា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងបី ក៏បានធ្វើពិធី គោរពបង្គោលព្រំដែនអធិបតេយ្យ, លាបពណ៌បង្គោល,ការធ្វើសក្ខីភាពក្នុងការល្បាតរបស់កងទ័ពប្រទេសទាំងបី និងធ្វើពិធីដាំដើមឈើដើម្បីជានិមិត្តរូបផងដែរ។
ក្រោយធ្វើកិច្ចជំនួបប្រាស្រ័យគ្នានៅតំបន់មរកតកន្ទុយនាគ រដ្ឋមន្រ្តីប្រទេសទាំងបី ក៏បាន អញ្ជើញពិនិត្យមើលលំហាត់សមយុទ្ធផ្នែកសុខាភិបាល របស់កងទ័ពទាំងបីលើវិធានបទ ការសង្រ្គោះគ្រោះមហន្តរាយ និងផ្នែកសុខាភិបាលនៅក្បែរតំបន់មរតកតកន្ទុយនាគ, ចូលរួមពិធីកាត់ខ្សែបូរសម្ពោធអគារវប្បធម៌ នៅភូមិកាតា។ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា បេវ៉ាន់ដាន ជាច្រើននាក់ផងដែរ៕ អត្ថបទ ៖ បាន ចក់


















