ប្រជាជនដែលកំពុងស្វែងរកការជ្រកកោននៅតំបន់ អាល់ម៉ាវ៉ាស៊ី (Al-Mawasi) នៅភាគខាងត្បូងនៃតំបន់សង្រ្គាម ហ្កាហ្សាស្ទ្រីប កំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកយ៉ាងធ្ងន់ធ្ងរ អ្នកខ្លះដេកនៅកណ្ដាលវាល និងជួបការលំបាកដើម្បីរស់រានមានជីវិតដោយមិនមានលទ្ធភាពទទួលបានអាហារ ទឹក ឬអគ្គិសនីដែលអាចប្រើប្រាស់បានឡើយ។

អ្នកស្រុកហ្កាហ្សា ប្រហែល ១២០.០០០នាក់ បានសម្រុកចូលទៅក្នុងទីក្រុង អាល់ម៉ាវ៉ាស៊ី ក្នុងសប្តាហ៍មុន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថាវាជាតំបន់សុវត្ថិភាព។

ជនភៀសខ្លួនម្នាក់បាននិយាយថា «យើងដេកនៅខាងក្រៅកណ្ដាលវាល យើងរៀបចំតង់ជាមួយនឹងបន្ទះប្លាស្ទិក និងបំណែកឈើ។ លើសពីនេះ យើងមិនមានសូម្បីតែសម្ភារៈចាំបាច់បំផុត មិនមានសំលៀកបំពាក់ ទឹក និងអាហារគ្រប់គ្រាន់នោះទេ»។
ជនភៀសខ្លួនម្នាក់ទៀតបានប្រាប់អ្នកយកព័ត៌មាន CCTV ថា មុនពេលពួកគេទៅដល់ទីក្រុង អាល់ម៉ាវ៉ាស៊ី ពួកគេបានជម្លៀសទៅកាន់ទីក្រុងព្រំដែនរ៉ាហ្វាហ្វ ខណៈដែលកងកម្លាំងអ៊ីស្រាអែល IDF បានព្រមានថាតំបន់ដែលពួកគេធ្លាប់រស់នៅគឺកំពុងស្ថិតក្នុងគ្រោះថ្នាក់។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងទីក្រុងរ៉ាហ្វាហ្វ កងកម្លាំងអ៊ីស្រាអែលបានប្រាប់ពួកគេឱ្យជម្លៀសទៅទីក្រុង អាល់ម៉ាវ៉ាស៊ី ដែលជាតំបន់សុវត្ថិភាពតែមួយគត់នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប។
ទីក្រុង អាល់ម៉ាវ៉ាស៊ី គឺជាក្រុងដីវាលនៃតំបន់ឆ្នេរហ៊ុមព័ទ្ធ និងជាផ្ទះរបស់មនុស្សប្រហែល ១.៥០០នាក់ មុនពេលមានជម្លោះ ហើយហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានមិនល្អរបស់តំបន់នេះ មិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងលំហូរចូលនៃមនុស្សរាប់ម៉ឺននាក់ដែលជម្លៀសពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សានោះទេ៕