
ជិតពាក់កណ្តាលនៃគ្រាប់បែកបាញ់ពីលើអាកាស ដែលអ៊ីស្រាអែលបានប្រើនៅតំបន់ហ្កាហ្សា ក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា គឺជាគ្រាប់បែកមិនកំណត់គោលដៅ ឬត្រូវគេស្គាល់ថាជា «គ្រាប់បែកធ្លាក់សេរី» នេះបើយោងតាមការវាយតម្លៃថ្មីរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចារកម្មអាមេរិក។
ការវាយតម្លៃ ដែលចងក្រងដោយការិយាល័យនាយកស៊ើបការណ៍ចារកម្មជាតិ និងបានពិពណ៌នាប្រាប់សារព័ត៌មាន CNN ដោយប្រភពចំនួនបី បាននិយាយថាប្រហែល ៤០% ទៅ៤៥% នៃគ្រាប់បែកបាញ់ពីលើអាកាសចំនួន ២៩.០០០គ្រាប់ដែលអ៊ីស្រាអែលបានប្រើប្រាស់មិនត្រូវបានកំណត់គោលដៅទេ។ ការវាយតម្លៃបន្តថា គ្រាប់បែកដែលនៅសល់គឺជាគ្រាប់ដែលកំណត់គោលដៅដោយភាពជាក់លាក់។
គ្រាប់រំសេវដែលមិនកំណត់គោលដៅ ជាធម្មតាគឺមិនសូវច្បាស់លាស់ ហើយអាចបង្កការគំរាមកំហែងកាន់តែខ្លាំងដល់ជនស៊ីវិល ជាពិសេសនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ដូចជាតំបន់ហ្កាហ្សា។ អត្រានៃគ្រាប់បែកមិនកំណត់គោលដៅដែលអ៊ីស្រាអែលកំពុងប្រើនេះ អាចនឹងរួមចំណែកដល់ចំនួនអ្នកស្លាប់ជនស៊ីវិលដ៏ច្រើនលើសលប់។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បាននិយាយថា អ៊ីស្រាអែលបានជាប់ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកដោយមិនរើសមុខនៅតំបន់ហ្កាហ្សា។ ដោយត្រូវស្នើសុំការអត្ថាធិប្បាយលើការវាយតម្លៃនេះ អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល លោក ណឺ ឌីណា (Nir Dinar) បានប្រាប់សារព័ត៌មាន CNN ថា «យើងមិននិយាយបង្ហាញអំពីប្រភេទគ្រាប់បែកដែលបានប្រើទេ»។
ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន CNN ថាប្រសិនបើអ៊ីស្រាអែលកំពុងប្រើប្រាស់គ្រាប់បែកមិនកំណត់គោលដៅតាមអត្រាដែលអាមេរិកជឿថាពួកគេកំពុងប្រើនោះ វាបានកាត់បន្ថយការអះអាងរបស់អ៊ីស្រាអែលដែលថាពួកគេកំពុងព្យាយាមកាត់បន្ថយចំនួនអ្នកស្លាប់ជនស៊ីវិល៕