ភ្នំពេញ៖ ធនាគារពិភពលោកបានប្រកាសថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញដោយសន្សឹមៗហើយ បន្ទាប់ពីកំណើនសេដ្ឋកិច្ចប្រទេសនេះ បានធ្លាក់ចុះរហូតដល់ដក៣.១ភាគរយកាលពីឆ្នាំមុន។
ធនាគារពិភពលោកបានប្រកាសបែបនេះនៅក្នុងរបាយការណ៍ស្ដីពី«ដំណើរងើបឡើងវិញ» ដែលជារបាយការណ៍បង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសេដ្ឋកិច្ចរបស់កម្ពុជាចេញនៅថ្ងៃនេះ។
ធនាគារពិភពលោក បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវព្យាករថា នឹងមានកំណើន ៤ភាគរយនៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីបានធ្លាក់ចុះដល់ដក ៣.១ភាគរយកាលពីឆ្នាំ២០២០។
ទោះជាយ៉ាងណា ធនាគារពិភពលោកនិយាយថា ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះ នៅតែបន្តមានភាពមិនច្បាស់លាស់នៅឡើយ ដោយសារតែមួយផ្នែកបណ្ដាលមកពីការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមធនាគារពិភពលោក វិស័យមួយចំនួនរបស់កម្ពុជា កំពុងមានងើបឡើងវិញ ដូចជា វិស័យកសិកម្ម ដែលមួយផ្នែកកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចុះហត្ថលេខាថ្មីៗ។
ក្រៅពីវិស័យកសិកម្ម ធនាគារពិភពលោក បានឱ្យដឹងទៀតថា វិស័យវាយនភ័ណ្ឌ ក៏បានងើបឡើងវិញសន្សឹមៗផងដែរតាមរយៈការសម្របខ្លួនទៅនឹងលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ ខណៈវិស័យពាណិជ្ជកម្មលក់ដុំ និងលក់រាយ ក៏បានមានការងើបឡើងវិញបន្តិចផងដែរ ដោយសារតែការរស់រានឡើងវិញដោយសន្សឹមនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងស្រុក។
ចំណែកឯលំហូរទុនវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសវិញ ធនាគារពិភពលោកបញ្ជាក់ថា នៅតែបន្តធុនទ្រាំបាន និងកំពុងជួយរក្សាស្ថិរភាពវិស័យខាងក្រៅ។
ប៉ុន្តែ ធនាគារពិភពលោកបានបញ្ជាក់ថា វិស័យសេវាកម្ម ដូចជាការស្នាក់នៅ ភោជនីយដ្ឋាន និងដឹកជញ្ជូន នៅតែបន្តរងការវាយប្រហារធ្ងន់ធ្ងរដោយសារតែការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
ធនាគារពិភពលោក បញ្ជាក់ថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ខ្ពស់នៅឡើយ ដែលចំណុចនេះអាស្រ័យយ៉ាងខ្លាំងទៅលើស្ថានភាពជំងឺកូវីដ-១៩ និងល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង៕