
គណៈកម្មាការជួយសង្គ្រោះអន្តរជាតិ (IRC) បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) នេះថាបម្រែបម្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធកាន់តែអាក្រក់ ការកើនឡើងនៃបន្ទុកបំណុល និងការថយចុះនៃការគាំទ្រអន្តរជាតិ នឹងពន្លឿនវិបត្តិមនុស្សធម៌ទូទាំងពិភពលោកនៅឆ្នាំ២០២៤។
នៅក្នុងបញ្ជីតាមដានភាពអាសន្នឆ្នាំ២០២៤ គណៈកម្មាការ IRC ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចង្អុលបង្ហាញប្រទេសចំនួន២០ ដែលភាគច្រើននៅក្នុងទ្វីបអាហ្រ្វិកដែលមានហានិភ័យខ្ពស់បំផុតនៃស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅឆ្នាំក្រោយ។
របាយការណ៍នេះធ្វើឡើងបន្ទាប់ពីចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះបានកើនឡើងដល់ ៣០០លាននាក់ ខណៈអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេបានកើនឡើងដល់ ១១០លាននាក់។
ប្រទេសស៊ូដង់ ជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីតាមដានគ្រាអាសន្នរបស់គណៈកម្មាការ IRC តាមពីក្រោយដោយទឹកដីកាន់កាប់ប៉ាឡេស្ទីន និងស៊ូដង់ខាងត្បូង។ នៅក្រោមតំបន់ទាំងនោះមានប្រទេសនៅអនុតំបន់សាហារ៉ាចំនួន៩ប្រទេស, មីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាននៅអាស៊ី, ស៊ីរី, លីបង់ និងយេម៉ែន នៅមជ្ឈិមបូព៌ា, អ៊ុយក្រែន នៅអឺរ៉ុប, អាមេរិកខាងត្បូង អេក្វាឌ័រ និងហៃទី នៅតំបន់ការ៉ាអ៊ីប។
គណៈកម្មាការ IRC បាននិយាយថា ខណៈប្រទេសអាហ្រ្វិកមួយចំនួនសម្រេចបាននូវការកែលម្អជីវភាពរស់នៅយ៉ាងឆាប់រហ័ស ជម្លោះ រដ្ឋប្រហារ និងភាពក្រីក្រកំពុងកើនឡើងក្នុង «អត្រាគួរឱ្យព្រួយបារម្ភ» នៅពេលដែលបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ កំពុងគំរាមកំហែងបង្កជាបញ្ហាអាកាសធាតុធ្ងន់ធ្ងរ៕