
កងទ័ពអ៊ីស្រាអែល បានចេញផ្សាយវីដេអូ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) នេះ ដែលបង្ហាញពីឧត្តមសេនីយ៍លោក Herzi Halevi អគ្គសេនាធិការរបស់អ៊ីស្រាអែល អុជទៀន នៅក្នុងពិធីបុណ្យពន្លឺ Hanukkah ដោយមានការចូលរួមពីសំណាក់ទាហានអ៊ីស្រាអែល ដែលរងរបួស។
ក្នុងព្រឹត្តិការណ៍នោះ លោក Halevi បាននិយាយសរសើរទាហានទាំងនោះថា បានបង្ហាញពី «វីរភាពពិត» អំឡុងពេលបំពេញកាតព្វកិច្ច ដោយបន្ថែមថា លោកបានមើលឃើញពួកគេថា ជា «គំរូសម្រាប់ក្មេងអ៊ីស្រាអែលជំនាន់ក្រោយ»។
យោធារបស់អ៊ីស្រាអែល បានជួបប្រទះនូវថ្ងៃដ៏អាក្រក់បំផុតមួយ នៅក្នុងសង្គ្រាមហ្កាហ្សារយៈពេល ២ខែនេះ កាលពីថ្ងៃអង្គារ (ទី១២ ខែធ្នូ) ដោយវរសេនីយ៍ឯកម្នាក់ ក្នុងចំណោមទាហាន ១០នាក់ ត្រូវបានសម្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១១៥នាក់ ពោលគឺស្ទើរតែទ្វេដងនៃចំនួនទាហាន ដែលបានពលីជីវិត ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នា នៅតំបន់ហ៊ុមព័ទ្ធឆ្នេរនេះ កាលពី ៩ឆ្នាំមុន៕