ភ្នំពេញ៖« ការផ្ទេរ និងចែករំលែកចំណេះដឹង នឹងនាំមកនូវភាពចំណេញ២យ៉ាង ទី១.រំលឹកចំណេះពីមុន និងទី២.បង្កើនចំណេះដឹងថ្មីៗ» នេះជាការថ្លែងឡើងរបស់ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើការរៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងការសរសេរគម្រោង នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ឯកឧត្តមជួប ប៉ារីស៍ បានគូសបញ្ជាក់ថា ចំណេះដឹងដែលបានពីសញ្ញាបត្រជំនាញតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់មន្រ្តីរាជការទាំងអស់ ចាំបាច់ត្រូវមានការ update ចំណេះ ជំនាញទាំងនោះឱ្យទាន់សម័យកាល និងសភាពការណ៍ ដើម្បីធ្វើឱ្យសមត្ថភាពរបស់យើងមានការវិវឌ្ឍដោយឥតឈប់ឈរ ឆ្លើយតបនឹងសម័យបច្ចេកវិទ្យានាឧស្សាហកម្ម 4.០។ ការសំលៀងចំណេះជំនាញ តាមរយៈការផ្ទេរ និងចែករំលែកជាមួយគ្នាទៅវិញទៅមក គឺជាវប្បធម៌ល្អ នៅក្នុងសង្គមការងារ ហើយនិងបានបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំប្រកបដោយសេចក្តីថ្លៃថ្នូរ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើការរៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងការសរសេរគម្រោង» មានរយៈពេល ៩៦ម៉ោង ដោយបានចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី ២២វិច្ឆិកា រហូតដល់ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១០០នាក់ ៕ ដោយ ៖ សោភណ្ឌ







