
មុនពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានទាញយកការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិទាំងស្រុងនោះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ដែលក្រុមអ្នកការទូត កំពុងស្វែងរកដំណោះស្រាយ។
នៅទីក្រុងប្រ៊ុចសែល សប្តាហ៍នេះ ត្រូវបានគេកំណត់ថា ជាពេលវេលាដ៏សំខាន់សម្រាប់ការទទួលយក ឬ ការអនុលោមតាមលក្ខណៈអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប ជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាចុងក្រោយនៃឆ្នាំនេះរបស់ពួកគេ ដើម្បីបើកភ្លើងខៀវទាំងការផ្តល់ថវិកាបន្ថែមសម្រាប់ទីក្រុងគីវ និងចុងក្រោយ គឺការបើកការចរចាសម្រាប់សមាជិកភាពអ៊ុយក្រែននៃប្លុកនេះ។
កិច្ចការទាំងអស់នោះ ត្រូវបានចោទជាសំណួរដោយរដ្ឋសមាជិកមួយ គឺប្រទេសហុងគ្រី។
នាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អ័របាន (Viktor Orban) គឺជាកូនបញ្ហាទី១ របស់អឺរ៉ុបខាងលិចមួយរយៈមកនេះ។ សូម្បីតែមុនសង្គ្រាមនៅអ៊ុយក្រែន ប្រទេសហុងគ្រី មានទម្រង់ដើម្បីធ្វើឲ្យសហភាពអឺរ៉ុបទាំងមូលធ្វើអ្វីតាមដែលខ្លួនចង់បាន។ ការសម្រេចចិត្តសំខាន់ៗ ភាគច្រើនដែលធ្វើឡើងដោយទីក្រុងប្រ៊ុចសែល ទាមទារការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋសមាជិកទាំង២៧។
នេះមានន័យថា រដ្ឋសមាជិកនីមួយៗមានសិទ្ធិវេតូ ដែលខ្លួនអាចប្រើ ដើម្បីទប់ស្កាត់គោលនយោបាយស្នូលរបស់សហភាពអឺរ៉ុប ដូចជាការផ្ញើប្រាក់រាប់ពាន់លានអឺរ៉ូទៅកាន់ប្រទេសដែលហែកហួរដោយសង្រ្គាម នេះ ឬអនុញ្ញាតឲ្យប្រទេសមួយចូលទៅក្នុងប្លុកនេះ។