
រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីថវិកាឆ្នាំ២០២៤ របស់ខ្លួន កាលពីថ្ងៃពុធ (ទី១៣ ខែធ្នូ) ដែលនឹងធ្វើឲ្យទីក្រុងប៊ែរឡាំងត្រឡប់ទៅកម្រិត ដែលកំណត់ដោយខ្លួនឯង ជុំវិញបំណុលថ្មី បើទោះបីជាមានការព្រមានថា នេះអាចរារាំងដល់កំណើននៃប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុប និងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាតក៏ដោយ។
សម្ព័ន្ធចម្រុះ ៣គណបក្សរបស់អធិការបតី លោក Olaf Scholz ត្រូវប្រឈមជាមួយទាំងការបញ្ឈប់នូវអ្វ ដែលគេស្គាល់ថា ជាការកម្រិតបំណុល ឬទាំងការស្វែងរកទឹកប្រាក់ចំនួន ១៧ពាន់លានអឺរ៉ូ (១៧,៣ពាន់លានដុល្លារ) ក្នុងការសន្សំ និងការដំឡើងពន្ធ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានធ្វើឲ្យផែនការរបស់ខ្លួនធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។
អំឡុងសន្និសីទសារព័ត៌មាន ដែលអមដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christian Lindner របស់គណបក្ស FDP និងរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Robert Habeck របស់គណបក្ស Greens លោក Scholz បានប្រាប់ថា៖ «រដ្ឋាភិបាលកំពុងប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួន»។
លោក Scholz បាននិយាយថា ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី កាន់តែអាក្រក់ទៅៗ អាល្លឺម៉ង់អាចប្រកាសស្ថានភាពអាសន្ន ដើម្បីផ្អាកអ្វី ដែលគេហៅថា ការកម្រិតបំណុល និងបង្កើនមូលនិធិដល់ទីក្រុងគីវ៕