
គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC) បាននិយាយនៅក្នុងរបាយការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ការប្រែប្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធកាន់តែអាក្រក់ ការកើនឡើងនៃបន្ទុកបំណុល និងការថយចុះនៃការគាំទ្រអន្តរជាតិ នឹងពន្លឿនវិបត្តិមនុស្សធម៌ទូទាំងពិភពលោក នៅឆ្នាំ ២០២៤។
នៅក្នុងបញ្ជីតាមដានភាពអាសន្នឆ្នាំ ២០២៤របស់ខ្លួន IRCដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានចង្អុលបង្ហាញប្រទេសចំនួន២០ដែលភាគច្រើន នៅក្នុងទ្វីបអាហ្រ្វិកដែលមានហានិភ័យខ្ពស់បំផុតនៃស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ នៅឆ្នាំក្រោយ។
របាយការណ៍នេះកើតឡើងបន្ទាប់ពីចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះបានកើនឡើងដល់ ៣០០លាននាក់ ខណៈដែលអ្នកដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ បានកើនឡើងដល់ ១១០លាននាក់។
ប្រធាន IRC លោក David Miliband បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះ គឺជាពេលវេលាដ៏អាក្រក់បំផុត» ដោយអំពាវនាវឲ្យមានការសង្កត់ធ្ងន់បន្ថែមទៀតលើការសម្របខ្លួនទៅនឹងអាកាសធាតុ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការជួយដល់ប្រជាជនជាដំបូង ការគាំទ្រសម្រាប់ជនភៀសខ្លួន និងសកម្មភាព ដើម្បីទប់ស្កាត់និទណ្ឌភាព។