
ប្រេសិតអាមេរិកប្រចាំប្រទេសយេម៉ែន បានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកចង់បង្កើតសម្ព័ន្ធដែនសមុទ្រ «ដែលអាចទៅរួចបំផុត” ដើម្បីការពារនាវា នៅក្នុងសមុទ្រក្រហម និងបញ្ជូន «សារដ៏សំខាន់» ទៅកាន់ក្រុម Houthi របស់យេម៉ែនថា ការវាយប្រហារបន្ថែមទៀតនឹងមិនត្រូវបានអត់ឱនឲ្យទេ។
ក្រុម Houthi ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានវាយប្រហារលើនាវា ក្នុងផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម ហើយបានបាញ់យានដ្រូន និងមីស៊ីលទៅកាន់អ៊ីស្រាអែល គិតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា កាលពីជាងពីរខែមុន ដោយបង្កឲ្យមានការភ័យខ្លាចថា ជម្លោះកាន់តែរីករាលដាល នៅមជ្ឈិមបូព៌ា។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មាន កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត លើក្រុមការងារដែនសមុទ្រ ដែលនឹង «ធានាសុវត្ថិភាពនៃការឆ្លងកាត់នាវា នៅក្នុងសមុទ្រក្រហម» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេសអ៊ីរ៉ង់ បានព្រមាន នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) នេះ ថា កម្លាំងបែបនេះ នឹងប្រឈមជាមួយ «បញ្ហាលំបាកមិនធម្មតា»។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសយេម៉ែន លោក Tim Lenderking បាននិយាយថា សហរដ្ឋអាមេរិកចង់ឲ្យសម្ព័ន្ធពហុជាតិ បញ្ជូន «សារដ៏សំខាន់មួយដោយសហគមន៍អន្តរជាតិ ដែលថា ការគំរាមកំហែងរបស់ក្រុមឧទ្ទាម Houthi ចំពោះការដឹកជញ្ជូនអន្តរជាតិ នឹងមិនត្រូវបានអត់ឱនឲ្យទៀតទេ»។
នៅក្នុងបទសម្ភាសន៍ នាសប្តាហ៍នេះ អំឡុងពេលសន្និសីទនៅទីក្រុងដូហា ប្រទេសកាតា លោក Lenderking បាននិយាយថា សហរដ្ឋអាមេរិកមានគោលបំណងពង្រីកកងកម្លាំងជើងទឹកអន្តរជាតិ ដែលមានស្រាប់ទៅជា «សម្ព័ន្ធអន្តរជាតិ ដែលកំពុងដាក់ធនធានមួយចំនួនទៅក្នុងការការពារការធ្វើនាវាចរដោយសេរី»។
កងកម្លាំងបច្ចុប្បន្ននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលត្រូវបានគេស្គាល់ថា ជា កងកម្លាំងចម្រុះ ១៥៣ គឺជាក្រុមចម្រុះប្រទេសចំនួន៣៩ ដែលបញ្ជាដោយអនុឧត្តមនាវីឯកនៃកងនាវាចរទី៥ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន៕