
ប្រទេសហ្វាំងឡង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) បានបើកឡើងវិញនូវច្រកឆ្លងកាត់ចំនួន២ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីបានបិទច្រកទាំង៨ រវាងប្រទេសទាំង២ កាលពីចុងខែវិច្ឆិកា ដើម្បីការពារលំហូរនៃអ្នកស្វែងរកសិទ្ធិជ្រកកោន។
កាលពីខែមុន ហ្វាំងឡង់បានបិទព្រំដែនជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់ការកើនឡើងនូវចំនួនជនភៀសខ្លួនរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ជាអ្វី ដែលរដ្ឋាភិបាល និងសម្ព័ន្ធមិត្ត បាននិយាយថា ជាសកម្មភាព ដែលត្រូវបានរៀបចំឡើងដោយទីក្រុងមូស្គូ។
បើយោងតាមឆ្មាំល្បាតព្រំដែនហ្វាំងឡង់ បានឲ្យដឹងថា អ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៩០០នាក់ មកពីប្រទេសនានា រួមមានកេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី ស៊ីរី និងយេម៉ែន បានចូលប្រទេសហ្វាំងឡង់តាមរយៈរុស្ស៊ី ក្នុងខែវិច្ឆិកា។ ការមកដល់ បានបញ្ឈប់ នៅពេលដែលហ្វាំងឡង់បិទព្រំដែន។
ទីក្រុងហែលស៊ិនគី បាននិយាយថា រុស្សីកំពុងជំរុញឲ្យប្រជាជនធ្វើដំណើរទៅកាន់ព្រំដែន ដើម្បីជាការសងសឹក ចំពោះការសម្រេចរបស់ខ្លួន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយសហរដ្ឋអាមេរិក ដោយក្នុងនោះរួមទាំងការសម្រេរបស់ប្រទេសហ្វាំងឡង់ ក្នុងការចូលរួមជាមួយអង្គការណាតូូ ដែលការចោទប្រកាន់នេះ ត្រូវបានវិមានក្រឹមឡាំងបដិសេធ៕