
មន្ត្រីសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) នេះ បាននិយាយថា បណ្ដាប្រទេសនានា បានយល់ព្រមអនុញ្ញាតឲ្យមានការចូលពីជនភៀសខ្លួនដែលងាយរងគ្រោះបំផុតចំនួន ៦០.០០០នាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលជាការកើនឡើងតិចតួចពីឆ្នាំមុនៗ ហើយបានបដិសេធការចោទប្រកាន់ ដែលថា ប្លុកនេះទទួលយកតែជនជាតិអ៊ុយក្រែនជាងជនភៀសខ្លួន ដែលមកពីប្រទេសផ្សេងៗ។
នៅឯវេទិកាជនភៀសខ្លួនសកល នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានប្រាប់អ្នកសារព័ត៌មានថា កន្លែងប្រហែល ៦១.០០០កន្លែង សម្រាប់តាំងទីលំនៅថ្មី និងការផ្ដល់សិទ្ធិចូលប្រទេស ក្នុងបុព្វហេតុមនុស្សធម៌ នឹងត្រូវបានផ្តល់ជូន។
ការតាំងទីលំនៅថ្មី គឺជាការផ្ទេរជនភៀសខ្លួនពីប្រទេសជ្រកកោនទៅរដ្ឋមួយផ្សេងទៀត។ ប្រទេសអ្នកមានមួយចំនួន ក្នុងនោះរួមទាំងប្រទេសស្វីសផង បានផ្អាកការផ្ដល់សិទ្ធិចូលប្រទេសជាបណ្តោះអាសន្ន ដោយលើកឡើងពីសម្ពាធលើប្រព័ន្ធសិទ្ធិជ្រកកោនរបស់ពួកគេ។
បើយោងតាមឯកសាររបស់ EU បានឲ្យដឹងថា នៅឆ្នាំ២០២៣ ប្រទេសសមាជិក EU ចំនួន១៧ បានសន្យាពីការទីលំនៅថ្មីជាមួយប្រទេសអាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ជាប្រទេស ដែលមានចិត្តសប្បុរសបំផុតចំនួន៣។ EU កំពុងផ្តល់ការការពារដល់ជនភៀសខ្លួនអ៊ុយក្រែនជាង ៤លាននាក់ ដែលបានភៀសខ្លួន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២៕