ភ្នំពេញ÷ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស, នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ Fairfield By Marriott Phonm Peng រាជធានីភ្នំពេញ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា ក្នុងរយៈកាលជាង៣ទស្សវត្សចុងក្រោយនេះ ពោលគិតចាប់ពីឆ្នាំ១៩៨៨ មកស្ថានភាពវិវត្តនៃឧស្សាហកម្មភាពយន្តកម្ពុជា មានការវិវត្តន៍ប្រែប្រួល ផ្លាស់ប្តូរជាបន្តបន្ទាប់ស្របតាមការវិវត្តន៍បច្ចេកវិទ្យា នៃសម័យសាកលភាវូបនីយកម្ម និងបរិបទនៃការរីកចម្រើនរបស់សេដ្ឋកិច្ចសង្គមកម្ពុជា។ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ វដ្តនៃការរស់រៀន និងការដួលរលំនៃឧស្សាហកម្ម ភាពយន្តក្នុងស្រុកម្តងហើយម្តងទៀត ហាក់ដូចជាដំណើរច្រំដែល ពុំមានស្ថេរភាព និងនិរន្តរភាព ដូចវិស័យផ្សេងៗទៀត។ ការរៀបចំសិក្ខាសាលានាពេលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដែលវិស័យភាពយន្តកម្ពុជា កំពុងប្រឈមនឹងបញ្ហាលំបាកមួយចំនួន ក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ -១៩ បានថមថយឥទ្ធិពល។ ក្នុងរយៈកាលចុងក្រោយនេះ មានមតិមួយចំនួនលើកឡើងផ្ទុយគ្នាពី ស្ថានភាពវិវត្តន៍នៃឧស្សាហកម្មភាពយន្តនៅកម្ពុជា ។ មតិខ្លះថា កំពុងមានការវិវត្តបោះជំហ៊ានទៅមុខ, មតិខ្លះថា ដូចជានៅទ្រឹងមួយកន្លែង និងមតិខ្លះទៀតយល់ថា ហាក់កំពុងដើរថយក្រោយ។ តាមរយៈការលើកឡើងទាំងនេះ លោកប្រធាននាយកដ្ឋាន បានធ្វើរបាយការណ៍សង្ខេបជូន ស្តីពីស្ថានភាពវិវត្តន៍នៃឧស្សាហកម្មភាពយន្តកម្ពុជា ក្នុងរយៈកាលចុងក្រោយ ដូចខាងក្រោម៖ យោងតាមទិន្នន័យនៃការអនុញ្ញាតផលិតភាពយន្តក្នុងស្រុក និងផ្អែកតាមទិន្នន័យលើ ចំនួនអ្នកចូលទស្សនាភាពយន្តក្នុងរោងភាពយន្តដែលផ្តល់ដោយរោងភាពយន្តធំៗទាំង៣ យើងពិនិត្យឃើញក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ និយាយជារួមក្នុងឆ្នាំ២០២០ និង ២០២១ គឺជាឆ្នាំដែលវិស័យភាពយន្តរងគ្រោះខ្លាំងបំផុត។ បញ្ហានេះ គឺជាបញ្ហាប្រឈមជាសាកល ដែលធ្វើឲ្យផលិតករភាពយន្តក្នុងស្រុក ប្រឈមនឹងការលំបាកយ៉ាងខ្លាំង ជាពិសេសអ្នកបច្ចេកទេសភាពយន្តដែលភាគច្រើនជាបុគ្គលិកក្រៅប្រព័ន្ធ។ លើសពីនេះ រោងភាពយន្តទាំងអស់គឺត្រូវបានបិទទ្វារ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងពិសេសបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងការជួលទីតាំងការMaintenance លើឧបករណ៍សម្ភារៈបច្ចេកទេស ការផ្តល់បៀវត្សជូនបុគ្គលិក ព្រមទាំងការបាត់បង់បុគ្គលិកជំនាញមួយចំនួនធំទៀតផង។ ក្រោយពីឆ្លងកាត់តំណាក់កាល ដ៏លំបាកនេះ ពោលគឺនៅក្នុងឆ្នាំ២០២២ និង២០២៣ ចំនួននៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុក មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានចំនួនប្រហាក់ប្រហែលទៅបរិមាណ ផលិតមុនតំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី២០ ទៅ៣០ស្នាដៃក្នុង១ឆ្នាំដើម្បីចាក់បញ្ចាំង តាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះការផលិតភាពយន្តភាគសម្រាប់ចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ មានចំនួនប្រហាក់ប្រហែល នឹងឆ្នាំ២០១៩ គឺប្រមាណជាង២០០០ភាគ ឬស្មើនឹង ជាង១៤០០ម៉ោង។ ចំនួនរោងភាពយន្ត ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលក្នុងឆ្នាំ២០២៣ នេះរោងភាពយន្តមានប្រមាណ ២៥រោងនៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់បញ្ចាំង ឬស្មើនឹង១៨៩០០កៅអី ជាមួយចំនួនអ្នកទស្សនាភាពយន្តនៅតាម រោងភាពយន្តស្ថិតក្នុងចំនួនប្រហាក់ប្រហែលនឹងជាង៣លាន។ ជាពិសេសនៅក្នុងសិក្ខាសាលារបស់យើងនាថ្ងៃនេះ មានកិត្តិយសដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលផលិតករ អ្នកដឹកនាំរឿង ម្ចាស់ក្រុមហ៊ុនចែកចាយ និងរោងភាពយន្តដែលមានបទពិសោធន៍នៅក្នុងឧស្សាហកម្មភាពយន្តកម្ពុជា ចំនួន០៤រូប ចូលរួមចែករំលែកបទពិសោធន៍សំខាន់ៗ តាមរយៈការធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖
១. លោក ឆាយ បូរ៉ា អ្នកដឹកនាំរឿង ផលិតករនៃផលិតកម្មដើមត្នោត ធ្វើបទបង្ហាញលើប្រធានបទ ការរួមចំណែករបស់វិស័យភាពយន្តក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
២. លោក ជី សិលា អ្នកគ្រប់គ្រងរោងភាពយន្ត មេជើ ស៊ីណេផ្លិច ធ្វើបង្ហាញលើប្រធានបទ ការរួមចំណែករបស់រោងភាពយន្ត ក្នុងការជំរុញលើកកម្ពស់គុណភាព ផលិតផលភាពយន្តក្នុងស្រុក។
៣. លោក លៀក លីណា នាយកប្រតិបត្តិនៃផលិតកម្ម អិល ឌី ភីកឈរ ធ្វើបទបង្ហាញលើប្រធានបទ កិច្ចសហការផលិតរវាងផលិតករភាពយន្តកម្ពុជា ជាមួយផលិតករភាពយន្តបរទេសដើម្បីពង្រីកទីផ្សារភាពយន្តក្រៅប្រទេស។
៤. លោក តែ ឡូយ នាយកប្រតិបត្តិនៃផលិតកម្ម កងចក្រ ភីកឈរ ធ្វើបទបង្ហាញលើប្រធានបទ ការលើកកម្ពស់គុណភាពភាពយន្តតាមរយៈការពង្រឹងស្តង់ដាបច្ចេកទេសនៃការផលិត។ ជាមួយនេះឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ អញ្ជើញចូលរួមដឹកនាំសម្របសម្រួល នៅក្នុងកិច្ចពិភាក្សារបស់អង្គសិក្ខាសាលានាថ្ងៃនេះផងដែរ។
ឆ្លៀតក្នុងឪកាសនេះឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងពិតជាមានក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងក្រៃលែងចំពោះកំណើននៃផលិតផលភាពយន្តរបស់ជាតិយើង ពិសេសការកើនឡើងនូវចំនួនរោងភាពយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដែលសបញ្ជាក់ឲ្យឃើញនូវការកើនឡើងចំណែកទីផ្សារដ៏សំខាន់សម្រាប់ដោះដូរផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ឧស្សាហកម្មភាពយន្តជាតិ។ ទន្ទឹមនឹងវឌ្ឍនភាពនេះ ក្នុងបរិបទនៃសម័យឧស្សាហកម្មជំនាន់ទី៤ វិស័យភាពយន្តយើងក៏ប្រឈមនឹងបញ្ហាធំៗមួយចំនួនផងដែរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយរួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ភាពយន្តជាតិយើងឲ្យមានការវិវត្តឈានឡើងប្រកបដោយនិរន្តរភាព សំដៅរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ជាតិ ក្នុងបរិយាកាសនៃសង្គមសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៕
អត្ថបទ រដ្ឋា



















