បាល់ទាត់៖ អតីតខ្សែការពារក្រុមជំរើសជាតិអង់គ្លេស Danny Rose រកបានទ្រនំថ្មីហើយដោយផ្ទេរទៅកាន់ក្រុមឡើងថ្មី Watford បន្ទាប់ពីចំណាយពេល ១៤ឆ្នាំជាមួយ Tottenham Hotspur។ ខ្សែការពារស្លាបឆ្វេងវ័យ ៣០ឆ្នាំរូបនេះបានផ្ទេរមកកាន់ Spurs តាំងពីឆ្នាំ២០០៧ មកពី Leeds United បង្ហាញខ្លួនសរុប ២១៤ប្រកួត តែមិនមែនជាជំរើសដំបូងឡើយតាំងពីឆ្នាំ២០១៩។

បន្ទាប់ពីចំណាយពេលខ្លីលេងអោយ Newcastle ក្នុងកិច្ចសន្យាខ្ចីរដូវកាលមុន Danny Rose បានចំណាយពេលក្នុងរដូវកាលនេះហ្វឹកហាត់ជាមួយក្រុម U23 របស់ក្លិបប៉ុណ្ណោះ។ Danny Rose ស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងអាជីពជាមួយ Spurs ១៤ឆ្នាំ និងបានចូលលេងពេល Spurs ឡើងវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅឆ្នាំ២០១៥ ចាញ់ Chelsea និងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០១៩ ចាញ់ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ។ Danny Rose ចាប់ផ្ដើមបាត់បង់តំណែងជំរើសដំបូងរបស់ខ្លួននៅពេល Jose Mourinho មកដល់ដែលបាននាំយក Sergio Reguilon ពី Real Madrid ឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ