ភ្នំពេញ៖ តាមការកំណត់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្ពោធជាផ្លូវការ ការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត អគ្គរដ្ឋទូតចំនួន ១១ប្រទេស , តំណាងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, ប្រតិភូពាណិជ្ជករមកពីបណ្តាប្រទេសផ្សេងៗ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
ពិធីនេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។










