មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ជាពិសេសវាយប្រហារលើ«ផលប្រយោជន៍» របស់អាមេរិក និងអង់គ្លេស ដែលជាតម្លៃសម្រាប់ការស្លាប់របស់ពលរដ្ឋ នៅតំបន់ហ្កាហ្សា។

លោក សាម៉ី អាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) ប្រធានផ្នែកនយោបាយនៃក្រុមហាម៉ាស នៅបរទេស បាននិយាយក្នុងអំឡុងពេលនៃការផ្សព្វផ្សាយតាមទូរទស្សន៍នាពេលថ្មីៗនេះថា៖«នៅពេលដែល (លោករដ្ឋ មន្ត្រីអង់តូនី ប្ល៊ីនខិន Antony Blinken) បង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់ស្ត្រី និងកុមារ កូនប្រុសនៃប្រជាជាតិរបស់យើង គួរតែនិយាយទៅកាន់គាត់ថាៈ អ្នក គឺជាសត្រូវ ដូចជា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu)ហើយត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួន។

លោកហ្ស៊ូរី បានធ្វើការអត្ថាធិប្បាយរបស់ខ្លួន ដែលវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា (MEMRI) បានបកប្រែនៅលើទូរទស្សន៍ Al-Aqsa កាលពីថ្ងៃទី៥ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃការផ្អាកវាយប្រហារជាបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែល ដោះដូរចំណាប់ថ្នូរ និងអ្នកទោស។
ក្រុមហាម៉ាស បានដំណើរការបណ្តាញទូរទស្សន៍ Al-Aqsa ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយចាក់ផ្សាយព័ត៌មាន និងការឃោសនា ពេញមួយថ្ងៃ។