អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក ប្រុងប្រយ័ត្ន ចំពោះបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។

លោក ចាង សៅកាង ( Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិបានអត្ថាធិប្បាយឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកជាប់នឹង តំបន់ថ្មប៉ប្រះទឹកមានជម្លោះ រិនណៃ ចាវ ( Ren'ai Jiao) ដែលជាផ្នែកមួយនៃកោះណាសា ឈីង តាវ (Nansha Qundao)របស់ចិននៅសមុទ្រចិនខាងត្បូង និងការល្បាតដោយយន្តហោះនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ដែលទើបហោះកាត់ច្រកសមុទ្រតៃវ៉ាន់។

លោក ចាង បាននិយាយថា នាវាចម្បាំងរបស់អាមេរិកបានចូលទន្ទ្រានដោយខុសច្បាប់ក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹកមានជម្លោះរិនណៃ ចាវ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន រំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែគោរពសិទ្ធិធ្វើនាវាចរណ៍ និងការហោះហើររបស់ប្រទេសទាំងអស់នៅសមុទ្រចិនខាងត្បូង ដោយអនុវត្តតាមច្បាប់អន្តរជាតិ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះសកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ក្នុងនាមសេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរ។
នៅពេលធ្វើអត្ថាធិប្បាយអំពីសកម្មភាពពេលថ្មីៗនេះរបស់ភាគីអាមេរិកលើច្រកសមុទ្រតៃវ៉ាន់ លោក ចាង បាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីរបស់ប្រទេសចិន ហើយថាសហរដ្ឋអាមេរិកមិនគួរព្យាយាមជំទាស់នឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចិនដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួននៅពេលណាមួយនោះទេ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ប្រទេសចិន ជំរុញជាថ្មីម្ដងទៀត ឱ្យសហរដ្ឋអាមេរិក ចាត់វិធានការដោយប្រុងប្រយ័ត្ន ចំពោះសំណួរទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង ហើយបញ្ឈប់ការបង្កហេតុ៕