ប្រធានទីភ្នាក់ងារជនភៀសខ្លួនទទួលបន្ទុកប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែធ្នូថា ហ្វូងមនុស្សដែលស្រេកឃ្លានកំពុងបញ្ឈប់រថយបន្តជំនួយរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយឡើងយកអាហារដោយខ្លួនឯង ដែលធ្វើឱ្យស្ទើរតែមិនអាចបន្តផ្តល់ជំនួយបាន។

លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ(UNRWA) បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាជនភៀសខ្លួនសកលនៅទីក្រុងហ្សឺណែវថា ឥឡូវនេះភាពអត់ឃ្លានបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយយើងបានជួបមនុស្សកាន់តែច្រើន ដែលពុំមានអាហារសម្រាប់ទទួលទានមិនគ្រប់រយៈពេលពីរឬបីថ្ងៃផងទេ។

លោក Lazzarini បាននិយាយបន្ទាប់ពីការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាថា ហ្វូងមនុស្សដ៏ច្រើនក៏មានន័យថា ពិបាកក្នុងការទៅដល់មនុស្សរាប់សែននាក់នៅក្នុងជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងហតំបន់ហ្កាហ្សា។
លោកនិយាយថា ដោយសារតែមានកាបំពាននៃសណ្តាប់ធ្នាប់ស៊ីវិលកាន់តែច្រើនឡើង ហើយដរាបណាជំនួយមនុស្សធម៌នៅតែធ្លាក់ចុះបើប្រៀបធៀបទៅនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នោះ ភាពចលាចលបែបនេះនឹងបន្តកាន់តែខ្លាំង បរិស្ថានរឹតតែមិនអាចទៅរួច។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្កាហ្សាចំនួន២,៣លាននាក់ កំពុងស្រេកឃ្លាន ស្របពេលការវាយប្រហាររបស់យោធារបស់អ៊ីស្រាអែលលើផ្នែកខាងត្បូងនៃតំបន់រងការឡោមព័ទ្ធមួយនេះនេះ បានពង្រីកកាន់តែធំ ហើយប្រជាជនត្រូវបានកាត់ផ្តាច់ពីអាហារ ឱសថ និងប្រេងឥន្ធនៈ៕